បបូរមាត់ស្ងួតប្រេះ គឺមិនត្រឹមតែជាបញ្ហាគួរឲ្យរំខានធម្មតាមួយប៉ុណ្ណោះទេ ក៏ព្រោះពេលខ្លះវាផ្ដល់នូវការឈឺចាប់ខ្លាំង និងមានហូរឈាមទៀតផង។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) បបូរមាត់ប្រេះស្ងួតមិនមែនកើតមានដោយសារតែកត្តាអាកាសធាតុតែមួយឡើយ ប៉ុន្តែក៏បណ្ដាលមកពីមូលហេតុមួយចំនួនផ្សេងទៀតដែរ។ ហើយការដឹងអំពីហេតុបង្ក គឺជាគន្លឹះដ៏ល្អមួយក្នុងការទប់ស្កាត់នូវបញ្ហាកុំឲ្យកើតឡើង។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីមូលហេតុទូទៅបំផុតដែលធ្វើឲ្យបបូរមាត់ឧស្សាហ៍ស្ងួតប្រេះ ៖

១. ឥទ្ធិពលនៃអាកាសធាតុ

បបូរមាត់ គឺងាយនឹងទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅណាស់ ត្រឹមតែការប៉ះផ្ទាល់ជាមួយខ្យល់ត្រជាក់ ឬខ្យល់ធម្មតាក៏អាចធ្វើឲ្យវាប្រែជាស្ងួតបានយ៉ាងងាយដែរ។ ហើយពន្លឺកាំរស្មីយូវីនៃព្រះអាទិត្យ ក៏ផ្ដល់ឥទ្ធិពលអវិជ្ជមានដល់បបូរមាត់មិនចាញ់ខ្យល់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរការពារបបូរមាត់ពីកត្តាអាកាសធាតុនេះ ដោយប្រើប្រាស់ឡេការពារកំដៅកម្ដៅ ឬក្រែមរលោងលាបលើបបូរមាត់។

២. ការលិទ្ធបបូរមាត់

ការលិទ្ធបបូរមាត់ គឺមិនអាចធ្វើឲ្យបបូរមាត់ជៀសផុតពីការប្រេះឡើយ។ ផ្ទុយទៅវិញ វាមានតែធ្វើឲ្យបបូរមាត់ងាយនឹងស្ងួតប្រេះលើសដើម។ ជំនួសឲ្យការផ្ដល់សំណើមដល់បបូរមាត់ជាមួយនឹងទឹកមាត់ ចូរប្រើប្រាស់ក្រែមរលោងលាបការពារបបូរមាត់វិញទើបប្រសើរ។

៣. ការដកដង្ហើមតាមមាត់

បបូរមាត់ គឺងាយនឹងប្រែជាប្រេះ នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឲ្យស្ងួតបបូរមាត់។ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ ដើម្បីការពារ។

៤. ទទួលទានទឹកមិនបានគ្រប់គ្រាន់

ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែលជា ២ លីត្រ ក្នុងមួយថ្ងៃទេនោះ មិនចាំបាច់ភ្ញាក់ផ្អើល ឬឆ្ងល់ឡើយថាហេតុអ្វីបានជាបបូរមាត់របស់អ្នកចេះតែស្ងួត ហើយប្រេះសឹងគ្រប់ពេល។ ហើយកុំភ្លេចកំណត់កម្រិតនៃការទទួលទានគ្រឿងស្រវឹង និងកាហ្វេផង ខណៈដែលភេសជ្ជៈទាំងពីរនេះអាចធ្វើឲ្យខ្សោះជាតិទឹកក្នុងរាងកាយ។

៥. ទទួលទានអាហារមានរសជាតិហឹរ និងមានជាតិអាស៊ីត

អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីត ក៏អាចធ្វើឲ្យបបូរមាត់ទទួលរងផលប៉ះពាល់ប្រែជាស្ងួតប្រេះបានផងដែរ។ ដូច្នេះអ្នកគួរកំណត់កម្រិតបរិមាណនៃការទទួលទានអាហារប្រភេទនេះ។

៦. បញ្ហាសុខភាព

ប្រសិនបើបញ្ហានៃការស្ងួតប្រេះបបូរមាត់របស់អ្នកមិនមែនបណ្ដាលមកពីមូលហេតុប៉ុន្មានចំនុចខាងលើទេនោះ អ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យហើយ។ ក្នុងករណីខ្លះបបូរមាត់ស្ងួតប្រេះអាចជាអាការៈ ឬរោគសញ្ញាមួយនៃជំងឺមួយចំនួនអាចជា ជំងឺ​រើមមាត់, រោគផ្សិត, ជំងឺពងបែក និងបញ្ហាទាក់ទងជាមួយក្រពេញទីរ៉ូអ៊ីត ជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង