មុខងារនៃការចងចាំរបស់ខួរក្បាល គឺពិតជាសំខាន់និងចាំបាច់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមានកត្តាមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះមុខងារដ៏សំខាន់មួយនេះរបស់ខួរក្បាល! ថាតើកត្តាទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាមួយចំនួនដែលអាចជះផលប៉ះពាល់ដល់មុខងារនៃការចងចាំរបស់ខួរក្បាល ៖

១. ការជក់បារីនិងហិតផ្សែងបារី

មិនត្រឹមតែបង្កើនហានិភ័័យនៃជំងឺមហារីកសួរប៉ុណ្ណោះទេ ប៉ុន្តែសារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូចដោយលំហូរឈាមដឹកជញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាលក៏ត្រូវថយចុះ ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។

២. ជំងឺបាក់ទឹកចិត្ត (Depression) និងជំងឺថប់បារម្ភ (anxiety)

បញ្ហានៃជំងឺផ្លូវចិត្តទាំងពីរនេះអាចបណ្ដាលឱ្យកម្រិតនៃអ័រម៉ូន Cortisol កើនឡើងដែលជះឥទ្ធិពលលើកោសិកាខួរក្បាលគួរឱ្យព្រួយបារម្ភ។

៣. ជំងឺពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីត

ជំងឺក្រពេញទីរ៉ូអ៊ីតក៏ជះផលប៉ះពាល់លើសុខភាពខួរក្បាលនិងមុខងារនៃការចងចាំគួរឱ្យព្រួយបារម្ភ។

៤. គេងមិនបានគ្រប់គ្រាន់

ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ម្យ៉ាងវិញទៀតការគេង គឺចាំបាច់ណាស់សម្រាប់ពង្រឹងការតភ្ជាប់រវាងណឺរ៉ូន ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល និងជះឥទ្ធិពលអវិជ្ជមានលើការចងចាំ។

៥. ការអស់រដូវ

ការអស់រដូវក៏មានទំនាក់ទំនងជាមួយបញ្ហានៃការចងចាំផងដែរ ប៉ុន្តែវាមានលក្ខណៈជាបណ្ដោះអាសន្នប៉ុណ្ណោះ។ អារម្មណ៍ក្ដៅភាយៗដែលស្ត្រីភាគច្រើនជួបប្រទះកំឡុងពេលអស់រដូវជះឥទ្ធិពលដល់សមត្ថភាពនៃការចងចាំ ឬការតាំងអារម្មណ៍ ព្រមទាំងធ្វើឱ្យគេងមិនបានស្កប់គ្រប់គ្រាន់ថែមទៀត។

៦. របបអាហារមិនល្អ

ការទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក គឺមិនល្អសម្រាប់សុខភាពសម្ពាធឈាមនិងបេះដូងឡើយ។ លើសពីនេះទៅទៀតការទទួលទានអាហារមានជាតិសូដ្យូមច្រើនអាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់ប​​​ន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។ អាហារកែច្នៃក៏មិនល្អដូចគ្នា!  អាហារកែច្នៃច្រើនតែមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កការរលាក និងបំផ្លាញដល់កោសិកាខួរក្បាល។ ចូរព្យាយាមទទួលទានបន្លែផ្លែឈើស្រស់ៗឱ្យបានច្រើនជំនួសវិញ។

៧. ទទួលទានគ្រឿងស្រវឹងលើសកម្រិត

ពិសាគ្រឿងស្រវឹងច្រើន

ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង៕