បញ្ហាឈឺចាប់សាច់ដុំអាចបណ្ដាលមកពីមូលហេតុជាច្រើនរួមបញ្ចូលទាំងការរបួស ការប្រើប្រាស់ខ្លាំងពេក ការធ្វើលំហាត់ប្រាណ បញ្ហាលំហូរឈាម កង្វះជាតិរ៉ែដូចជាកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម កង្វះជាតិទឹកក្នុងរាងកាយនិងឥទ្ធិពលនៃការប្រើប្រាស់ឱសថមួយចំនួន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែបើចង់បន្ថយ ឬបំបាត់អាការៈឈឺចាប់ក៏មិនពិបាកដែរ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីគន្លឹះងាយៗដោះស្រាយបញ្ហាឈឺចាប់សាច់ដុំ ៖
១. ប្រេងម៉ាញ៉េស្យូម
ប្រេងនេះមានផ្ទុកម៉ាញ៉េស្យូមក្លរួ (magnesium chloride) ដែលមានមុខងារសម្រួលសាច់ដុំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ប្រេងចូលក្នុងដបមានក្បាលបាញ់និងបាញ់វាលើផ្នែកណាមួយនៃរាងកាយដែលឈឺសាច់ដុំ។
២. ធ្វើចលនា
ការធ្វើចលនា ឬសន្ធឹងសាច់ដុំពិតជាអាចជួយបំបាត់អាការៈឈឺចាប់និងឡើងរឹងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជម្រុញបរិមាណនៃលំហូរឈាមទៅកាន់សាច់ដុំដែលជួយបំបាត់ភាពរឹងនិងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀមនៅពេលឈឺចាប់ដុំ ចូរព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយស្រាលៗវិញ។
៣. ទទួលទានភេសជ្ជៈកាហ្វេអ៊ីន
អត្តពលិកភាគច្រើនតែងជួបប្រទះបញ្ហាឈឺចាប់សាច់ដុំក្រោយពេលហ្វឹកហាត់ ប៉ុន្តែមួយចំនួននៃពួកគេមិនសូវជាមានបញ្ហាខ្លាំងប្រសិនបើទទួលទានភេស្ជជៈមានផ្ទុកជាតិកាហ្វេអ៊ីននៅមុនពេលហាត់។ ទោះជាយ៉ាងណាកុំទទួលទានច្រើនពេក។
៤. ទឹកប៉េងប៉ោះស្រស់
អ្នកអាចទទួលទានទឹកប៉េងប៉ោះស្រស់ក្រោយពេលធ្វើលំហាត់ប្រាណដើម្បីបំបាត់អាការៈឈឺសាច់ដុំឆាប់រហ័ស។ នេះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្រាលការឈឺចាប់។
៥. ទទួលទានទឹកឱ្យបានច្រើន
ការហាត់ប្រាណអាចនឹងធ្វើឱ្យរាងកាយទាំងមួល រួមទាំងសាច់ដុំបាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ហើយការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡាដែលមានផ្ទុកសម្បូរទៅដោយស្ករនិងគ្រឿងផ្សំបន្ថែមរសជាតិ៕