បញ្ហាថ្នក់ខ្មៅក្រោមភ្នែកជាបញ្ហាសម្រស់ទូទៅបំផុតមួយដែលនារីភាគច្រើនតែងជួបប្រទះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្នាមដក់ខ្មៅក្រោមភ្នែកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនរួមបញ្ចូលទាំង ការគេងមិនគ្រប់ ភាពហត់នឿយ ការទទួលទានកាហ្វេអ៊ីន ភាពតានតឹងក្នុងអារម្មណ៍ឬស្ត្រេស និងបញ្ហាផ្លូវដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះមិនពិបាកនឹងដោះស្រាយឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកយ៉ាងឆាប់រហ័ស ៖ 

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាក្រោមភ្នែកជាមួយប្រេងដូងរាល់យប់ជាការស្រេច។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

២. កន្សែងត្រជាក់

ដាក់កូនកន្សែងសើមក្នុងទូរទឹកកកមួយយប់។ នៅពេលអ្នកក្រោកឡើងនៅពេលព្រឹក ចូរស្អំភ្នែកនឹងកន្សែងត្រជាក់សម្រាប់រយៈពេល ៥ នាទី ឬច្រើនជាងនេះ។ វិធីនេះអាចជួយកាត់បន្ថយការហើមក្នុងភ្នែកគួរអោយកត់សម្គាល់។

៣. កញ្ចប់តែតូចៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កញ្ចប់តែតូចៗដែលឆុងហើយដាក់ក្នុងទូរទឹកកកសម្រាប់រយៈពេលកន្លះម៉ោង ឬច្រើនជាងនេះ។ បន្ទាប់មកយកកញ្ចប់តែមកស្អំលើភ្នែកសម្រាប់រយៈពេល ២០ នាទី សឹមយកចេញហើយលាងសម្អាតមុខរបស់អ្នកជាការស្រេច។

៤. ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះៗ រួចដាក់បិតលើភ្នែកជាការស្រេច។

៥. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាក្រោមភ្នែកជាមួយជែលប្រទាលកន្ទុយក្រពើ។

៦. គេងអោយបានគ្រប់គ្រាន់

វិធីដ៏ងាយស្រួលបំផុតមួយទៀតដើម្បីបំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែកនោះ គឺការគេងអោយបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។

៧. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹង

ក្រៅពីការជក់បារីហើយនោះ ការទទួលទានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹងក៏បង្កបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយការទទួលទានអាហារភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីននិងជាតិអាល់កុល។

៨. ប្រើប្រាស់ផលិតផលផ្ដល់សំណើម

ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកលាបម៉ាស្សាជុំវិញភ្នែករាល់យប់។

៩. ចៀសវាងអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ដែលអាចបណ្ដាលឱ្យភ្នែកហើម។

១០. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់

កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យស្នាមថ្នក់ខ្មៅក្រោមភ្នែកលេចឡើង ព្រមជាមួយភាពជ្រីវជ្រួញផងដែរ។

សម្គាល់! ប្រសិនបើគន្លឹះនិងរូបមន្តបែបធម្មជាតិមួយចំនួនខាងលើគ្មានប្រសិទ្ធភាពសោះចំពោះបញ្ហាស្នាមថ្នក់ខ្មៅក្រោមភ្នែករបស់អ្នក ចូរសាកល្បងពិគ្រោះជាមួយគ្រូពេទ្យ។ ករណីខ្លះបញ្ហាស្នាមថក់ខ្មៅក្រោមភ្នែករបស់អ្នកអាចជាអាការៈមួយនៃបញ្ហាជំងឺផ្លូវដង្ហើម ឬជំងឺពាក់ព័ន្ធនឹងអ័រម៉ូន៕