ភាគច្រើននៃពួកយើងបានដឹងហើយថា គ្រប់សរីរាង្គទាំងអស់នៃរាងកាយ គឺត្រូវការបរិមាណទឹកគ្រប់គ្រាន់ចាំបាច់ ដើម្បីអាចដំណើរការមុខងារបានត្រឹមត្រូវ និងរក្សាបាននូវសុខភាពល្អប្រសើរ។ ទោះជាយ៉ាងណា មានមនុស្សតិចណាស់ដែលបានដឹងថា ការទទួលទានទឹកនៅពេលពោះទទេមិនទាន់បរិភោគអ្វី គឺអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនទៀតចំពោះសុខភាពរាងកាយ ក៏ដូចជាសម្រស់បាន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យ ទាំងនោះ ៖

១. លាងសម្អាតពោះវៀន និងជាតិពុលចេញពីរាងកាយ

នៅពេលអ្នកទទួលទានទឹកច្រើន ហើយមានអារម្មណ៍ថាចង់បត់ជើងធំ។ នេះ គឺមានន័យថាចលនានៃពោះវៀនរបស់អ្នកដំណើរការទៀងទាត់ត្រឹមត្រូវ។ នៅពេលអ្នកបត់ជើងរាល់ថ្ងៃ រាងកាយ គឺទទួលបានការលាងសម្អាតបណ្ដេញជាតិពុលចេញដោយសារទឹក។ អ្នកទទួលទានទឹកច្រើនប៉ុណ្ណា រាងកាយរបស់អ្នកទទួលបានការសម្អាតល្អប៉ុននោះ។ វាក៏ជួយកាត់បន្ថយផលប៉ះពាល់នៃការហើមផងដែរ។

២. ធ្វើឲ្យឃ្លាន

ការទទួលទានទឹក និងការលាងសម្អាតពោះរៀនជួយធ្វើឲ្យអ្នកជៀសផុតពីបញ្ហាចេះតែងងុយគេង។ វាក៏ជួយធ្វើឲ្យអ្នកឆាប់ឃ្លាននៅពេលព្រឹកផងដែរ ដូច្នេះអ្នកនឹងមិនរំលងអាហារពេលព្រឹកទៀតឡើយ។

៣. ផលិតកោសិកាឈាមកាន់តែច្រើន

ការទទួលទានទឹកនៅពេលពោះទទេ គឺអាចជួយឲ្យកោសិកាឈាមក្រហមលូតលាស់បានកាន់តែលឿន។ ជាលទ្ធផលឈាមនឹងទទួលបានអុកស៊ីសែនគ្រប់គ្រាន់ដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែមានថាមពលជាងមុន។

៤. បង្ការជំងឺឈឺក្បាល

កង្វះជាតិទឹកក្នុងរាងកាយ ក៏អាចធ្វើឲ្យយើងឧស្សាហ៍ឈឺក្បាលបានដែរ។ ការទទួលទានទឹកនៅពេលព្រឹកជួយឲ្យរាងកាយរក្សាបាននូវជាតិទឹក។ ក្នុងរដូវក្ដៅ ឬស្ថិតនៅក្រោមអាកាសធាតុក្ដៅ ពេលអ្នកឧស្សាហ៍ឈឺក្បាល នោះចូរព្យាយាមទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ ខណៈដែលមូលហេតុនៃបញ្ហាឈឺក្បាលពេលនេះភាគច្រើនបណ្ដាលពីកង្វះជាតិទឹកក្នុងរាងកាយ។

៥. ស្រកទម្ងន់

ការទទួលទានទឹកធម្មតានៅពេលពោះទទេជួយក្នុងការកម្ចាត់ជាតិពុល និងកាត់បន្ថយការហើម។ វាក៏ជួយជម្រុញការដុតរំលាយអាហារឲ្យដុតបំផ្លាញកាឡូរីបានកាន់តែលឿន។ នេះជាវិធីសាស្ត្រដ៏ល្អបំផុតមួយដែលជួយឲ្យស្រកទម្ងន់បានយ៉ាងងាយ។ ទទួលទានទឹកឲ្យបានច្រើនគ្រប់គ្រាន់ នៅពេលការដុតរំលាយអាហារដំណើរការកាន់តែស្វាហាប់អ្នកនឹងស្រកទម្ងន់ជាក់ជាមិនខាន។

៦. បង្កើនកម្រិតនៃថាមពល

ការទទួលទានទឹកនៅពេលពោះទទេរំញោចកោសិកាឈាមក្រហមឲ្យលូតលាស់កាន់តែលឿន។ កោសិកាឈាមក្រហមត្រូវបានបង្កើនច្រើនប៉ុណ្ណា អុកស៊ីសែននៅក្នុងរាងកាយ និងឈាមមានច្រើនប៉ុននោះ។ នេះមានន័យថា អ្នកក៏នឹងទទួលបានថាមពលកាន់តែច្រើនដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង