ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព​Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖

១. ត្រីសម្បូរខ្លាញ់

រួមមានត្រីសាលម៉ុន ត្រីសាឌីន និងត្រីធូណាជាដើមសុទ្ធតែជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។

២. គ្រាប់ធញ្ញជាតិវ៉ាល់ណឺត (Walnuts)

ការទទួលទានអាហារសម្រន់ដូចជាគ្រាប់ Walnut អាចជួយបង្កើនសមត្ថភាពខួរក្បាលក្នុងការរក្សាទុកព័ត៌មានផ្សេងៗ ខណៈដែលគ្រាប់ធញ្ញជាតិនេះមានផ្ទុកសម្បូរទៅដោយអាស៊ៅតខ្លាញ់អូមេហ្កា ៣។ គ្រាប់វ៉ាល់ណឺតក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន E ដែលជួយការពារកោសិកាខួរក្បាលមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។

៣. គ្រាប់អាល់ម៉ុន

ក៏ដូចនឹងគ្រាប់វ៉ាល់ណឺតដែរ គ្រាប់អាល់ម៉ុនផ្ដល់ឱ្យរាងកាយនូវអាស៊ីតខ្លាញ់ល្អ ALA។ គ្រាប់ធញ្ញជាតិនេះក៏មានផ្ទុកវីតាមីន E ព្រមតាំងវីតាមីន B6 ដែលចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទដើម្បីដំណើរការមុខងារបានត្រឹមត្រូវនិងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។

៤. គ្រាប់ល្ពៅ

ជាប្រភពដ៏ប្រសើរមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលចាំបាច់សម្រាប់សុខភាពខួរក្បាលនិងថាមពលរាងកាយ។ គ្រាប់ល្ពៅក៏មានផ្ទុកជាតិស័ង្កសីដែលជួយបង្កើនការចងចាំឱ្យកាន់តែមានលក្ខណៈប្រសើរឡើងទៀតផង។

៥. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយវីតាមីន E និងខ្លាញ់ល្អ monounsaturated fat ដែលចាំបាច់សម្រាប់រក្សាសុខភាពខួរក្បាលល្អប្រសើរ។ ការទទួលទានផ្លែបឺរក៏ល្អសម្រាប់ជម្រុញចរន្តឈាមដើម្បីបង្កើនការដឹកជញ្ជូនសារធាតុចិញ្ចឹមនិងអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ខួរក្បាល។

៦. ប៊្លូបឺរី

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អបំផុតសម្រាប់រក្សាសុខភាពខួរក្បាលបង្កើនការចងចាំ។

៧. សូកូឡាខ្មៅ

សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសូកូឡាខ្មៅជួយកម្ចាត់រ៉ាឌីកាល់សេរីសង្គ្រោះកោសិកាខួរក្បាលមិនឱ្យទទួលរងការបំផ្លាញ។

៨. ខ្ទឹមបារាំង

កុំភ្លេចរួមបញ្ចូលខ្ទឹមបារាំងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ប្រសិនបើចង់បង្កើនការចងចាំ។ សារធាតុ Anthocyanin និង quercetin ក្នុងខ្ទឹមបារាំង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារខួរក្បាលមិនឱ្យទទួលរងការបំផ្លាញ។

៩. ផ្លែប៉ោម

ផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលជួយការពារខួរក្បាល។

១០. មើមឆៃថាវក្រហម

បរិមាណជាតដែកក្នុងមើមឆៃថាវក្រហមចាំបាច់ក្នុងការរក្សាកម្រិតនៃអេម៉ូក្លូប៊ីនដែលបង្កើនការនាំយកអុកស៊ីតគ្រប់គ្រាន់ទៅកាន់ខួរក្បាល។

១១. ទឹកឃ្មុំ

ជួយផ្ដល់ថាមពលដើម្បីអាចខួរក្បាលដំណើរការមុខងារបានកាន់តែប្រសើរនិងមានប្រសិទ្ធភាពរយៈពេលយូរ។ ទឹកឃ្មុំក៏មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាខួរក្បាលមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។

១២. ប៉េងប៉ោះ

ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកា។ ដូច្នេះការរួមបញ្ចូលប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃនឹងជួយរក្សាសុខភាពខួរក្បាលទប់ស្កាត់បញ្ហាផ្សេងៗ រួមទាំងជំងឺមហារីកខួរក្បាលគួរអោយកត់សម្គាល់៕