ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានម្រេចខ្មៅ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍នៃគ្រឿងទេសនេះចំពោះសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើម្រេចខ្មៅល្អយ៉ាងណាខ្លះចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ម្រេចខ្មៅថែរក្សាសម្រស់ ៖

១. ជួយឱ្យស្បែកទន់រលោង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចខ្មៅម៉ដ្ឋកន្លះស្លាបព្រាកាហ្វេរាល់ ១ ស្លាបព្រាបាយនៃយ៉ាអួរស្រស់។ កូរឱ្យសព្វ សឹមប្រើម្រាមដៃលាបម៉ាស្សាល្បាយថ្នមៗលើស្បែកមុខក្នុងចលនាបែបរង្វង់។ ប្រយ័ត្នកុំឱ្យចូលភ្នែកនិងច្រមុះ។ លាងសម្អាតចេញក្រោយរយៈពេលពី ២ ទៅ ៣ នាទី។

២. បំបាត់ស្នាមជ្រីវជ្រួញលើស្បែក

ល្បាយយ៉ាអួរលាយជាមួយម្រេចខ្មៅក៏ជួយទប់ស្កាត់និងបំបាត់ស្នាមជ្រីវជ្រួញលើស្បែកបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាកុំប្រើប្រាស់កម្លាំងសង្កត់ដុសល្បាយលើស្បែកខ្លាំងៗពេក។ អនុវត្តម្ដង ឬ ២ ដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ហើយ។ កុំភ្លេចទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។

៣. កម្ចាត់អង្គែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចខ្មៅម៉ដ្ឋកន្លះស្លាបព្រាកាហ្វេជាមួយយ៉ាអួរសុទ្ធ ១ ពែង។ លាបម៉ាស្សាល្បាយលើស្បែកក្បាលនិងទុកចោលសម្រាប់រយៈពេល ៣០ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ កុំទាន់កក់សម្អាតសក់ជាមួយសាប៊ូភ្លាមៗដោយត្រូវរងចាំដល់ថ្ងៃបន្ទាប់សិន។

៤. ជម្រុញការលូតលាស់នៃសក់

លាយម្រេចខ្មៅម៉ដ្ឋក្នុងបរិមាណស្មើគ្នាជាមួយគ្រាប់ក្រូចឆ្មារម៉ដ្ឋ។ វានឹងក្លាយជាល្បាយខាប់ៗដោយសារទឹកចេញពីគ្រាប់ក្រូចឆ្មារ។ កក់សម្អាតសក់របស់អ្នកដូចពេលធម្មតា បន្ទាប់ពីលាងសម្អាតសាប៊ូចេញ ចូរលាបម៉ាស្សាល្បាយម្រេចខ្មៅនិងគ្រាប់ក្រូចឆ្មារលើសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង