តម្រងនោម គឺមានរូបរាងដូចជាគ្រាប់សណ្ដែកអញ្ចឹង ហើយវាជាសរីរាង្គដ៏សំខាន់បំផុតមួយក្នុងរាងកាយ។ តម្រងនោម មានដើរតួនាទីច្រោះកម្ចាត់ជាតិពុលគ្រោះថ្នាក់ផ្សេងៗ ក៏ដូចជាជាតិទឹកដែលលើសចេញពីរាងកាយ និងថែមទាំងជួយដល់មុខងារសំខាន់ៗផ្សេងទៀតនៃរាងកាយផងដែរ។ ហើយដើម្បីជៀសផុតពីបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗនោះ ការរក្សាបាននូវតម្រងនោមដែលមានសុខភាពល្អ គឺចាំបាច់ណាស់។ យ៉ាងណាមិញ តម្រងនោម គឺងាយនឹងទទួលរងគ្រោះ ដោយសារតែទម្លាប់ទូទៅមួយចំនួនដែលមនុស្សភាគច្រើនមិនបានស្មានដល់។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីទម្លាប់ទូទៅបំផុតដែលធ្វើឲ្យខូចតម្រងនោម ៖
១. ទទួលទានទឹកមិនបានគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់រាល់ថ្ងៃ នោះអ្នកកំពុងតែធ្វើឲ្យតម្រងនោមប្រឈមមុខនឹងគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភហើយ។ ដូចដែលបានដឹងហើយថា មុខងារដ៏សំខាន់នៃតម្រងនោម គឺបញ្ចេញចោលកាកសំណល់មេតាប៉ូលីកចេញពីប្រព័ន្ធរាងកាយ និងធ្វើឲ្យកោសិកាឈាមក្រហមក្នុងរាងកាយមានតុល្យភាព។ ដូច្នេះប្រសិនបើអ្នកទទួលទានមិនបានគ្រប់គ្រាន់ ដើម្បីរក្សា ឬសម្រួលដំណើរការនេះទេនោះ ជាតិពុលគ្រោះថ្នាក់ផ្សេងៗ គឺមិនអាចត្រូវបានបញ្ចេញចោលឡើយ ហើយវានឹងប្រមូលផ្ដុំពេញក្នុងឈាម ក៏ដូចជារាងកាយ។
២. ទប់នោមយូរពេក
ការនោម ឬបង្ហូរកាកសំណល់ចេញពីប្លោកនោម គឺត្រូវតែធ្វើឡើងដើម្បីរក្សាបាននូវតម្រងនោមដែលមាន
សុខភាពល្អ។ នៅពេលអ្នកទប់នោមយូរពេកសឹងតែរាល់ថ្ងៃនោះ វាអាចនាំឲ្យកើតមានផលវិបាកធ្ងន់ធ្ងរជាច្រើនដូចជា បង្កើនសម្ពាធទឹកនោមក្នុងតម្រងនោម ឬហៅថា hydronephrosis ហើយអាចបណ្ដាលឲ្យខ្សោយតម្រងនោម ឬជំងឺរាកនោម។
៣. ទទួលទានជាតិប្រៃច្រើនពេក
ប្រសិនបើអ្នកទទួលទានជាតិប្រៃច្រើនលើសកម្រិតដែលរាងកាយត្រូវការនោះ វានឹងធ្វើឲ្យខូចតម្រងនោមជាក់ជាមិនខាន។ អំបិល ឬជាតិប្រៃមានផ្ទុកនូវជាតិសូដ្យូម ហើយការទទួលជាតិសូដ្យូមច្រើនពេកអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ និងផ្ដល់សម្ពាធខ្លាំងលើតម្រងនោម។ ដូច្នេះអ្នកមិនគួរទទួលទានអំបិលច្រើនជាង ៥.៨ ក្រាម ក្នុងមួយថ្ងៃឡើយ។
៤. ទទួលទានគ្រឿងស្រវឹង ឬជាតិអាកុលច្រើន
ជាតិអាកុល ឬគ្រឿងស្រវឹង គឺជាជាតិពុលមួយដែលដាក់សម្ពាធខ្លាំងលើតម្រងនោម និងថ្លើម។ ការទទួលទាន
គ្រឿងស្រវឹងច្រើនហួសកម្រិតពេកអាចបណ្ដាលឲ្យអាស៊ីតអ៊ុយរិកត្រូវស្ដុកទុកនៅក្នុងបំពង់តម្រងនោមបង្កជាការស្ទះ ហើយបង្កើនហានិភ័យនៃជំងឺខ្សោយតម្រងនោម។
៥. ទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់
ការទទួលបាននូវជាតិប្រូតេអ៊ីន គឺល្អសម្រាប់សុខភាព ប៉ុន្តែប្រូតេអ៊ីនច្រើនហួសប្រមាណពេកអាចបណ្ដាលឲ្យមានផលប៉ះពាល់ដល់តម្រងនោម។ ប្រូតេអ៊ីនច្រើនពេកបង្កើនការផ្ទុកមេតាប៉ូលីកដែលបង្កការបំផ្លាញដល់តម្រងនោម។
៦. ទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក
ការទទួលទានអាហារ ឬភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីនកម្រិតខ្ពស់ដូចជា សូកូឡា, កាហ្វេ និងភេសជ្ជៈកំប៉ុងផ្សេងៗទៀតអាចបណ្ដាលឲ្យសម្ពាធឈាមកើនឡើងខ្ពស់។ ជាលទ្ធផលវានឹងដាក់សម្ពាធទៅលើតម្រងនោម ហើយក៏អាចធ្វើឲ្យខូចតម្រងនោមផងដែរ។
៧. ជក់បារី
ការជក់បារី គឺអាចបង្កហានិភ័យនៃបញ្ហាសម្ពាធឈាម និងអត្រាចង្វាក់បេះដូងកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស។ លើសពីនេះទៀត វាបណ្ដាលឲ្យមានការថយចុះនៃលំហូរឈាម ហើយក៏ធ្វើឲ្យសសៃឈាមក្នុងតម្រងនោមរួមតូចផងដែរ។ ការជក់បារីពន្លឿនបញ្ហាខូចមុខងារតម្រងនោមនិងធ្វើឱ្យរោគសញ្ញានៃជំងឺដែលកំពុងតែកើតមានហើយកាន់តែធ្ងន់ធ្ងរឡើង។
៨. ទទួលទានថ្នាំបំបាត់ការឈឺចាប់
ការទទួលទានថ្នាំបំបាត់ការឈឺចាប់ ដើម្បីបំបាត់ការឈឺចាប់ដែលអាចទ្រាំបាននោះ គឺមិនល្អចំពោះសុខភាពតម្រងនោមឡើយ។ ការទទួលទានថ្នាំនេះជាប្រចាំអាចបណ្ដាលឲ្យខូចតម្រងនោមធ្ងន់ធ្ងរ ហើយវាក៏បង្កផលប៉ះពាល់គួរឲ្យព្រួយបារម្ភលើមុខងារនៃតម្រងនោមផងដែរ៕