របបអាហារជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូលរួមបញ្ចូលទាំងភាពរឹងមាំនៃក្រចក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយពង្រឹងសុខភាពក្រចក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ដោះស្រាយបញ្ហាក្រចកផុយស្រួយឆាប់បាក់ ៖
១. ត្រី
ត្រីជាអាហារមួយប្រភេទដែលអ្នកគួរព្យាយាមទទួលទានដើម្បីពង្រឹងសុខភាពក្រចក។ នេះក៏ព្រោះតែត្រីជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលក្រចកត្រូវការដើម្បីរក្សាភាពរឹងមាំ។ ប្រូតេអ៊ីនក្នុងត្រីអាចបង្កើនការផលិតកូឡាជែននិងសារធាតុ keratin ដែលចាំបាច់សម្រាប់សក់និងក្រចក។
២. គ្រាប់អាល់ម៉ុន
អាហារមួយប្រភេទទៀតដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារដើម្បីភាពរឹងមាំនិងសុខភាពល្អនៃក្រចក គឺគ្រាប់អាល់ម៉ុន។ គ្រាប់ធញ្ញជាតិនេះជាប្រភពដ៏ប្រសើរបំផុតមួយនៃស័ង្កសី ម៉ាញ៉េស្យូម សេលេញ៉ូម ទង់ដែងនិងម៉ង់កាណែស រួមទាំងបាយអូទីនដែលសុទ្ធតែចាំបាច់សម្រាប់ពង្រឹងសុខភាពក្រចក។
៣. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន B វីតាមីន E សារធាតុ folate ប្រូតេអ៊ីន និងខ្លាញ់ល្អដែលល្អណាស់សម្រាប់រក្សាសុខភាពរាងកាយ ព្រមទាំងពង្រឹងភាពរឹងមាំនៃក្រចក។
៤. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក
ក្រចកអាចប្រែជាផុយស្រួយឆាប់បាក់នៅពេលរាងកាយជួបប្រទះបញ្ហាខ្វះជាតិដែក។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរបង្កើនការទទួលទានអាហារមានផ្ទុកជាតិដែកខ្ពស់ដើម្បីរក្សាភាពរឹងមាំនៃក្រចក។
៥. ស៊ុត
ចូរព្យាយាមទទួលទានស៊ុតជាប្រចាំប្រសិនបើចង់ឱ្យក្រចករឹងមាំមានសុខភាពល្អ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ប្រសើរនៃបាយអូទីន រួមទាំងប្រតេអ៊ីននិងសារធាតុចិញ្ចឹមច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពក្រចក។
៦. បន្លែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម ជាតិរ៉ែសំខាន់ៗ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែចាំបាច់ដែលចាំបាច់សម្រាប់រក្សាសុខភាពក្រចករឹងមាំ។
៧. ប៉េងប៉ោះ ម្ទេសផ្លោក ដំឡូងផ្អែម និងការ៉ុត
ប៉េងប៉ោះនិងម្ទេសផ្លោកមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយបង្កើនកម្រិតនៃកូឡាជែន ហើយដំឡូងផ្អែមនិងការ៉ុតមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់ជួយការពារសុខភាពក្រចកនិងពង្រឹងភាពរឹងមាំ។
៨. សណ្ដែក
មានផ្ទុកសម្បូរទៅដោយបាយអូទីនដែលចាំបាច់សម្រាប់រក្សាភាពរឹងមាំនិងការលូតលាស់នៃក្រចក៕