ថាតើនៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមិនប្រក្រតី ឬកំពុងជួបប្រទះបញ្ហានឹងមានអាការៈអ្វីអាចលេចឡើងខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលក្រពេញទីរ៉ូអ៊ីតមានបញ្ហា ៖

១. ភាពប្រែប្រួលខុសប្រក្រតីនៃទម្ងន់រាងកាយ

ផលប៉ះពាល់មួយដែលលេចឡើងនៅពេលមានបញ្ហាក្រពេញទីរ៉ូអ៊ីត គឺពាក់ព័ន្ធនឹងការដុតរំលាយអាហារក្នុងរាងកាយជាលទ្ធផលនៃការកើនទម្ងន់ខុសប្រក្រតី។ ក្រៅពីមានរបបអាហារត្រឹមត្រូវនិងធ្វើលំហាត់ប្រាណជាប្រចាំហើយនោះ អ្នកក៏អាចស្រកទម្ងន់ដែលលើសបានយ៉ាងប្រសើរតាមរយៈការរក្សាក្រពេញទីរ៉ូអ៊ីតឱ្យមានសុខភាពល្អ។ ទោះជាយ៉ាងការស្រកទម្ងន់ដោយគ្មានមូលហេតុក៏ជាអាការៈមួយនៃបញ្ហាក្រពេញទីរ៉ូអ៊ីតផងដែរដោយក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនច្រើនជាងតម្រូវការរាងកាយ។

២. ជ្រុះសក់

កម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតចុះទាបអាចបង្កការរាំងស្ទះដល់វដ្ដនៃការលូតលាស់នៃសក់នាំឱ្យសក់ជ្រុះខ្លាំងជាងធម្មតា។ ជាញឹកញយបញ្ហាសក់ជ្រុះខុសប្រក្រតីដោយមិនអាចពន្យល់បានច្រើនតែពាក់ព័ន្ធនឹងបញ្ហាក្រពេញទីរ៉ូអ៊ីត។ ស្បែកក្បាលក៏អាចប្រែជាស្ងួតផងដែរ។

៣. ស្បែកប្រែជាស្ងួត

អ័រម៉ូនត្រូវបានបញ្ជេញដោយក្រពេញទីរ៉ូអ៊ីតជួយគ្រប់គ្រងមុខងារនៃស្បែកដូច្នេះហើយប្រសិនបើក្រពេញទីរ៉ូអ៊ីតមានបញ្ហានោះស្បែកក៏មានបញ្ហាផ្សេងៗដូចគ្នា។ នៅកម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតចុះទាបនោះស្បែកនឹងប្រែជាស្ងួត ហើយស្លេកស្លាំង។

៤. ឈឺចាប់សាច់ដុំនិងសន្លាក់

ភាពខ្សោយ រមាស់ និងឈឺចាប់សាច់ដុំ ក៏ដូចជាសន្លាក់អាចជារោគសញ្ញានៃបញ្ហាក្រពេញទីរ៉ូអ៊ីត (ជំងឺ hypothyroidism និងជំងឺ hyperthyroidism)។ ជំងឺ hyperthyroidism អាចបណ្ដាលឱ្យសាច់ដុំចុះខ្សោយនិងឈឺចាប់ រួមបញ្ចូលទាំងអាការៈរមួលក្រពើនិងឡើងរឹងផងដែរ។ ចំពោះជំងឺ hyperthyroidism អាចបណ្ដាលឱ្យសាច់ដុំចុះខ្សោយនិងអស់កម្លាំង សូម្បីតែឡើងជណ្ដើរ ឬកាន់វត្ថុអ្វីក្នុងដៃ ហើយឈោងដៃយករបស់អ្វីខ្ពស់ផុតក្បាលក៏ពិបាក។

៥. បញ្ហាពាក់ព័ន្ធនឹងពោះវៀន

អាការៈទល់លាមក រាគ ឬចង្កោមរោគសញ្ញារលាកពោះវៀនអាចជាប់ពាក់ព័ន្ធនឹងបញ្ហាក្រពេញទីរ៉ូអ៊ីតផងដែរ។ អ័រម៉ូនទីរ៉ូអ៊ីតអាចបង្កភាពប្រែប្រួលក្នុងពោះវៀនបង្អាក់សមត្ថភាពរាងកាយក្នុងការរំលាយអាហារនិងកម្ចាត់រាល់កាកសំណល់។ ចំពោះជំងឺក្រពេញទីរ៉ូអ៊ីត hpothyroidism អ្នកអាចនឹងជួបប្រទះអាការៈទល់លាមកធ្ងន់ធ្ងរ ឬរយៈពេលយូរ ខណៈដែលរាគ ឬចង្កោមរោគសញ្ញារលាកពោះវៀនជាអាការៈនៃជំងឺក្រពេញទីរ៉ូអ៊ីត hyperthyroidism។ ទោះបីអ្នកបានទទួលទានជាតិសសៃនិងទឹកគ្រប់គ្រាន់ ប៉ុន្តែអាការះទាំងនេះនៅតែមិនបាត់ ចូរប្រញាប់ទៅពិនិត្យសុខភាពក្រពេញទីរ៉ូអ៊ីត។

៦. សម្លេងប្រែប្រួលភ្លាមៗនិងភាពមិនស្រួលក្នុងក

បញ្ហាក្រពេញទីរ៉ូអ៊ីតក៏អាចបណ្ដាលឱ្យសម្លេងរបស់អ្នកមានភាពខុសប្រក្រតីភ្លាមៗផងដែរ។ សម្លេងរបស់អ្នកអាចប្រែជាស្អក សូម្បីតែសម្រុក ឬមានដុំពកបន្តិចក្នុងតំបន់ក្រពេញទីរ៉ូអ៊ីតក៏អាចជារោគសញ្ញាដែលបញ្ជាក់ថាក្រពេញទីរ៉ូអ៊ីតកំពុងមានបញ្ហាដែរ។ ភាពមិនស្រួលក្នុងកអាចជាការឈឺចាប់ ហើម និងក្រពេញទីរ៉ូអ៊ីតរីកធំ។ ពកកអាចជាលទ្ធផលនៃជំងឺក្រពេញទីរ៉ូអ៊ីត hypothyroidism ឬ ជំងឺក្រពេញទីរ៉ូអ៊ីត hyperthyroidism ។

៧. អស់កម្លាំងនឿយហត់ជាប់ជានិច្ច

ការដុតរំលាយអាហារយឺតពេកមិនត្រឹមតែបង្កបញ្ហាឡើងទម្ងន់ហួសហេតុប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំងគ្រប់ពេលផងដែរ។ នេះជាអ្វីមួយដែលកើតឡើងជាធម្មតានៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមិនបានល្អ ហើយមិនអាចបំលែងកាបូអ៊ីដ្រាតនិងខ្លាញ់ទៅជាថាមពលដើម្បីឱ្យកោសិកាបានប្រើប្រាស់។

៨. មានអារម្មណ៍ត្រជាក់ ឬក្ដៅពេក

ភាពប្រែប្រួលក្នុងកម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតអាចរាំស្ទះដល់សមត្ថភាពក្នុងការគ្រប់គ្រងសីតុណ្ហភាពរាងកាយ។ ប្រអប់ដៃនិងជើងត្រជាក់ ឬការមានអារម្មណ៍ត្រជាក់សឹងគ្រប់ពេលសូម្បីក្នុងបន្ទប់ដែលមានសីតុណ្ហភាពក្ដៅអាចបណ្ដាលមកភាពអសកម្មនៃក្រពេញទីរ៉ូអ៊ីត។ ប៉ុន្តែក្រពេញទីរ៉ូអ៊ីតដែលសកម្មហួសអាចបណ្ដាលឱ្យបែកញើសខ្លាំងនិងមិនអាចទ្រាំនឹងកម្ដៅបាន។

៩. បែកញើសហួសប្រមាណ

Hyperthyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ ប្រសិនបើការបែកញើសខ្លាំងនេះគួបផ្សំនឹងអាការៈច្រើនផ្សេងទៀតដូចរៀបរាប់ខាងលើ អ្នកគួរប្រញាប់ទៅពិនិត្យក្រពេញទីរ៉ូអ៊ីតជាមួយគ្រូពេទ្យជំនាញ៕