ចៅហ្វាយនាយនីមួយៗតែងតែមានចរិតខុសគ្នា ដោយសារតែហេតុនេះហើយទើបធ្វើឲ្យបុគ្គលិកមិនសប្បាយចិត្តនឹងទង្វើខ្លះរបស់ពួកគេ។ ហើយមានបុគ្គលិកឆ្នើមខ្លះមិនអាចទ្រាំបានក៏ឈប់ធ្វើការ។ តើគួរធ្វើដូចម្តេចទើបអាចបកស្រាយអារម្មណ៍អ្នកប្រាប់ចៅហ្វាយនាយអ្នកបានដោយមិនបាច់លាឈប់?
1. អ្នកអាចបកស្រាយប្រាប់ចៅហ្វាយនាយដោយគោរពនិងទន់ភ្លន់ មិនត្រូវប្រើអារម្មណ៍ឆេវឆាវមកនិយាយជាមួយគាត់ទេ។ នៅពេលដែលអ្នកប្រើសតិដើម្បីនិយាយជាមួយចៅហ្វាយនាយ នោះបញ្ហាគ្រប់យ៉ាងនឹងអាចដោះស្រាយបាន ដោយអ្នកមិនចាំបាច់សុំឈប់នោះទេ។
2. អ្នកមិនគួរទាមទាររកចម្លើយថានរណាត្រូវ នរណាខុសនោះទេ ព្រោះចៅហ្វាយនាយតែងតែត្រូវជានិច្ច។ ដូចនេះ អ្នកគួរតែវែកញែកបញ្ហាឲ្យបានច្បាស់ ទើបអ្នកអាចរកដំណោះស្រាយដ៏ល្អបាន។ វានឹងមិនធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកជាមួយនឹងចៅហ្វាយនាយឡើយ។
3. អ្នកគួរតែនិយាយយ៉ាងណាឲ្យគាត់អាណិតអ្នក ហើយគាត់យល់ចិត្តអ្នកថែមមួយកំរិតទៀត ព្រោះការអាណិត និងយល់ចិត្តនេះ នឹងអាចធ្វើឲ្យគាត់ព្រមស្តាប់ហេតុផលរបស់អ្នក។
4. អ្នកត្រូវហ៊ាននិយាយពីអារម្មណ៍អ្នកដោយមិនត្រូវភ័យខ្លាចទេ ព្រោះមានតែសេចក្តីក្លាហានទេ ដែលអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាង ថែមទាំងអាចជួយអ្នកឲ្យរក្សាបានការងារដែលអ្នកស្រឡាញ់ទៀតផង។ ដូចនេះ អ្នកអាចប្រើវិធីទាំងឡាយខាងលើនេះ ដើម្បីសម្តែងអារម្មណ៍អ្នកចេញមកប្រាប់ចៅហ្វាយនាយអ្នកឲ្យដឹង៕