មែនហើយ យើងទាំងអស់គ្នាសុទ្ធតែដឹងថា ការញ៉ាំទឹកគឺជារឿងសំខាន់បំផុតដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។ ប៉ុន្តែសំណួរសួរថា តើពេលណាដែលជាពេលវេលាដ៏ល្អបំផុតដើម្បីញ៉ាំទឹកទៅ? មនុស្សយើងភាគច្រើននឹងញ៉ាំទឹកនៅពេលមានអារម្មណ៍ស្រេកទឹក។ វាពិតជាមិនអីទេចំពោះរឿងនេះ ប៉ុន្តែដើម្បីបានលទ្ធផលល្អបំផុត វាមានឧទាហរណ៍ច្រើនណាស់ទាក់ទងនឹងពេលវេលាដែលអ្នកគួរតែញ៉ាំទឹកដូចជា៖

ញ៉ាំទឹកពេលភ្ញាក់ពីគេង

ក្នុងរាងកាយមនុស្សយើង គឺត្រូវការទឹកដើម្បីធ្វើការ ជាពិសេសក្រោយពេលដែលរាងកាយសម្រាករយៈពេលយូរ។ អ្នកគួរតែធ្វើបែបនេះនៅពេលភ្ញាក់ពីគេងព្រឹកឡើង។ បើសិនជាអ្នកអាចធ្វើវាបាន នោះរាងកាយនឹងធ្វើការបានកាន់តែស្រួលសម្រាប់ការរស់នៅពេញមួយថ្ងៃ។ 

ញ៉ាំទឹក៣០នាទីមុនបាយ

អ្នកជំនាញខាងសម្រកទម្ងន់នឹងប្រាប់អ្នកថា អ្នកអាចប្រើវិធីនេះដើម្បីការពារកុំឲ្យញ៉ាំអាហារច្រើនៗពេកបាន ដោយសារតែពេលដែលអ្នកញ៉ាំទឹកខ្លះមុនបាយ អ្នកនឹងមានអារម្មណ៍ថា ញ៉ាំតិចៗឆាប់ឆ្អែតហើយ។ រឿងនេះមិនត្រឹមតែជួយដល់ការសម្រកទម្ងន់ទេ តែក៏នឹងជំរុញដល់មុខងារកាន់តែល្អរបស់កោសិការផងដែរ ជាពិសេសការរំលាយអាហារតែម្តង។ 

ញ៉ាំទឹកពេលអស់កម្លាំង

តើអ្នកមានអារម្មណ៍ថាពេលខ្លះអស់កម្លាំងខ្លាំងដែរទេ ជាពិសេសនៅពេលរសៀលតែម្តង? បើសិនជាការអស់កម្លាំងបង្កឡើងដោយការខ្សោះជាតិទឹក យកល្អគួរតែញ៉ាំទឹកមួយកែវ ហើយអ្នកនឹងមានអារម្មណ៍ល្អជាងមុនហើយ។ 

ញ៉ាំទឹកមុនហាត់ប្រាណ

យោងទៅតាមសីតុណ្ហភាព និងបរិយាកាស និងកម្រិតនៃជាតិទឹកក្នុងខ្លួន អ្នកប្រហែលជាត្រូវការញ៉ាំទឹក ៦ ទៅ៨កែវក្នុងមួយថ្ងៃដើម្បីការពារកុំឲ្យខ្សោះជាតិទឹកក្រោយពីហាត់ប្រាណរួច។ ការបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គឺជារឿងសំខាន់ក្នុងការការពារខ្លួនពីសីតុណ្ហភាពក្តៅ ហើយក៏ជួយជំរុញដល់របត់ឈាមរត់កាន់តែស្រួលដល់រាងកាយទាំងមូលដែរ។ 

ញ៉ាំទឹកក្រោយហាត់ប្រាណរួច

ក្រោយពីហាត់ប្រាណខ្លាំងក្លារួច អ្នកប្រហែលជាត្រូវញ៉ាំទឹកច្រើនដើម្បីជំនួសជាតិទឹកដែលបាត់បង់តាមរយៈការនោម ឬបែកញើស។ ចំនួនទឹកដែលអ្នកត្រូវការគឺអាស្រ័យទៅតាមសុខភាព ទម្ងន់ និងអ្នកហាត់ប្រាណក្រោមស្ថានភាពក្តៅខ្លាំងឬអត់ រយៈពេលហាត់ និងកត្តាផ្សេងៗទៀត។ ចូរប្រាកដថា មិនត្រូវញ៉ាំទឹកច្រើនពេក និងលឿនពេកទេ ព្រោះវាអាចធ្វើឲ្យឈឺក្រពះបាន។ 

ញ៉ាំទឹកពីរបីនាទីមុនពេលចូលគេង

ការធ្វើបែបនេះនឹងជួយជំនួសជាតិទឹកដែលបាត់បង់ក្នុងពេលគេងលក់ផង

ញ៉ាំទឹកពេលអ្នកឈឺ

ការរាករូស ក្អួត ។ល។ ធ្វើឲ្យជាតិទឹកក្នុងខ្លួនបាត់បង់ ដូច្នេះ អ្វីដែលសំខាន់គឺត្រូវបង្គ្រប់ជាតិទឹកក្នុងខ្លួននៅពេលអ្នកមានជំងឺ៕