ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមានអាហារមួយចំនួនអាចជួយសម្រួលការរំលាយអាហារដែលចាំបាច់ណាស់ដើម្បីអាចស្រូបយកសារធាតុចិញ្ចឹមបានពេញលេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ៖

១. គ្រាប់ជី

គ្រាប់ជីជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលជួយសម្រួលការរំលាយអាហារទប់ស្កាត់និងដោះស្រាយបញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។ គ្រាប់ពូជនេះក៏ល្អសម្រាប់សម្អាតពោះវៀនផងដែរ។ ការទទួលទានទឹកគ្រាប់ជីជួយកម្ចាត់ជាតិពុលនិងសម្រួលចលនាពោះវៀនឱ្យកាន់តែមានលក្ខណៈ​ប្រសើរឡើង។

២. ដំឡូងផ្អែម

មានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលចលនាពោះវៀនបង្កើនការរំលាយអាហារនិងកម្ចាត់រាល់ជាតិពុល។

៣. ល្ហុង

ផ្លែឈើនេះមានផ្ទុកអង់ស៊ីមសម្រួលការរំលាយអាហារហៅថា papain។ វាសម្រួលដំណើរការរំលាយអាហារដោយជួយបំបែកប្រូតេអ៊ីន។ Papain ក្នុងផ្លែល្ហុងក៏ជួយទប់ទល់នឹងចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀនដូចជាទល់លាមកនិងហើមពោះផងដែរ។

៤. យ៉ាអួរ

ជាប្រភពដ៏ប្រសើរនៃបាក់តេរីល្អៗដែលជួយរក្សាតុល្យភាពក្នុងពោះវៀន។ ការរក្សាបាននូវតុល្យភាពបាក់តេរីល្អក្នុងពោះវៀន គឺចាំបាច់ណាស់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ។

៥. ខ្ញី

ខ្ញីអាចរំញោចការផលិតទឹកមាត់ ទឹកប្រមាត់ និងអាស៊ីតក្រពះដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើការរំលាយអាហារ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញី ឬរួមបញ្ចូលខ្ញីក្នុងរបបអាហារជាការស្រេច។

៦. ផ្លែបឺរ

អ្វីដែលធ្វើឱ្យផ្លែបឺរល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងការស្រូបយកសារធារចិញ្ចឹមសំខាន់ៗបានកាន់តែមានប្រសិទ្ធភាពនោះ គឺដោយសារវាមានផ្ទុកសម្បូរទៅដោយជាតិសសៃនិងខ្លាញ់ល្អ monounsaturated fats។

៧. ផ្លែប៉ោម

មានផ្ទុកសម្បូរទៅដោយជាតិទឹកនិងជាតិសសៃដែលល្អណាស់សម្រាប់ការរំលាយអាហារ។ អ្នកគួរទទួលទានផ្លែឈើនេះទាំងសំបកដោយទទួលបានជាតិសសៃកាន់តែច្រើន។ ទោះជាយ៉ាងណាត្រូវលាងសម្អាតឱ្យបានស្អាតផងដែរមុនទទួលទាន។

៨. ចេក

ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃដែលជួយសម្រួលចលនានិងសម្អាតក្នុងពោះវៀន។

៩. មើមឆៃថាវក្រហម

មានផ្ទុកសម្បូរទៅដោយសារធាតុ betaine ជាតិសសៃ និងជាតិទឹកដែលល្អណាស់សម្រាប់ដំណើរការរំលាយអាហារ។

១០. គីមឈី

គីមឈីជួយបង្កើនការរំលាយអាហារតាមរយៈសារធាតុប្រូបាយអូទិកដែលវាមានផ្ទុក។ កំឡុងពេលត្រាំគីមឈីនឹងបង្កើតបាននូវបាក់តេរីល្អមួយហៅថា lactobacillus ដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាសុខភាពប្រព័ន្ធរំលាយអាហាររឹងមាំប្រសើរ៕