ការរក្សាឱ្យបាននូវកម្រិតជាតិស្ករក្នុងឈាមប្រក្រតី គឺចាំបាច់ណាស់ចំពោះគ្រប់គ្នា។( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើការឡើងចុះៗនៃកម្រិតជាតិស្ករក្នុងឈាមបណ្ដាលមកពីអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលបង្កបញ្ហាជាតិស្ករក្នុងឈាមមិនមានស្ថេរភាព ៖

១. ការប្រើប្រាស់ជាតិផ្អែមសិប្បនិម្មិត្ត

ភាគច្រើននៃពួកយើងជាញឹកញយតែងប្រើប្រាស់ជាតិផ្អែមសិប្បនិម្មិតជំនួសឱ្យស្ករសនិងជ្រើសរើសទទួលទានភេសជ្ជៈដែលគ្មានផ្ទុកជាតិស្ករ ប៉ុន្តែមានផ្ទុកជាតិផ្អែមសិប្បនិម្មិត្តជំនួសវិញដើម្បីរក្សាកម្រិតនៃជាតិស្ករក្នុងឈាម។ ទោះជាយ៉ាងណាក៏ដោយការទទួលទានភេសជ្ជៈកំប៉ុងគ្មានជាតិស្ករជាប្រចាំមិនយូរមិនឆាប់នៅតែបង្កជំងឺទឹកនោមផ្អែមដដែលដោយបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម។ ភេសជ្ជៈគ្មានផ្ទុកជាតិស្ករបណ្ដាលឱ្យមានភាពធន់នឹងអាំងស៊ុយលីនដែលជាដើមហេតុដំបូងនៃជំងឺទឹកនោមផ្អែម។ ជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ ជាតិផ្អែមសិប្បនិម្មិតក៏ជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។

២. ការទទួលទានទឹកមិនបានគ្រប់គ្រាន់

គ្រប់គ្នាសុទ្ធតែដឹងហើយថាការទទួលទានទឹកឱ្យបាន ២ លីត្រក្នុងមួយថ្ងៃ គឺសំខាន់ណាស់ដើម្បីរក្សាបានជាតិទឹកគ្រប់គ្រាន់ និងអាចកម្ចាត់ចោលរាល់ជាតិពុលនិងកាកសំណល់ផ្សេងៗចេញពីក្នុងរាងកាយ។ ថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកមិនបានគ្រប់គ្រាន់ក៏អាចបណ្ដាលឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានដែរ? នេះក៏ព្រោះតែឈាមប្រែជាតិខាប់ដែលបណ្ដាលឱ្យជាតិស្ករក្នុងលំហូរឈាមប្រមូលផ្ដុំឡើង។ អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺវាអាចបង្កជាវដ្ដដ៏គ្រោះថ្នាក់មួយដោយកង្វះជាតិទឹកក្នុងរាងកាយអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម ហើយការកើនឡើងនូវកម្រិតជាតិស្ករក្នុងឈាមអាចបណ្ដាលឱ្យអ្នកនោមញឹក ហើយការនោមញឹកនេះកាន់តែធ្វើឱ្យអ្នកខ្សោះជាតិទឹកក្នុងរាងកាយ។

៣. គេងមិនបានគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ក៏ជាកត្តាហានិភ័យចម្បងមួយនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ផងដែរ។ នេះក៏ព្រោះតែការគេងមិនបានគ្រប់គ្រាន់បណ្ដាលឱ្យរាងកាយស្ត្រេស ហើយកម្រិតនៃជាតិស្ករក្នុងឈាមក៏កើនឡើងដើម្បីប្រាកដថារាងកាយមានថាមពលគ្រប់គ្រាន់នឹងប្រយុទ្ធប្រឆាំងភាពតានតឹងក្នុងអារម្មណ៍នោះ។ ដូច្នេះប្រសិនបើកម្រិតនៃជាតិស្ករក្នុងឈាមរបស់អ្នកហាក់ដូចជាគ្រប់គ្រងមិនបាន ហើយមិនដឹងមកពីមូលហេតុអ្វី ចូរសួរខ្លួនឯងថាតើបានគេងគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ឬនៅ? ប្រសិនបើនៅទេនោះដំណោះស្រាយដ៏ប្រសើរបំផុត គឺគេងឱ្យបានគ្រប់គ្រាន់។

៤. អាកាសធាតុក្ដៅខ្លាំង

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអាកាសធាតុក្ដៅខ្លាំងអាចជះផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។ នេះក៏ព្រោះតែសីតុណ្ហភាពខ្ពស់អាចបង្កភាពស្ត្រសដល់រាងកាយ ហើយជាតិស្ករក្នុងឈាមក៏កើនឡើងតាមនោះ។ ប៉ុន្តែប្រសិនបើអ្នកកំពុងទទួលទានថ្នាំគ្រាប់អាំងស៊ុយលីនដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមវិញនោះ អាកាសធាតុក្ដៅអាចបណ្ដាលឱ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំងដែលគ្រោះថ្នាក់ណាស់។ សីតុណ្ហភាពខ្ពស់អាចបណ្តាលឱ្យសរសៃឈាមរីកធំបង្កើនសកម្មភាពរបស់អាំងស៊ុយលីន។

៥. ការមិនធ្វើលំហាត់ប្រាណ

ការមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ថាតើអ្នកធ្លាប់ដឹងទេថាការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ ថ្ងៃជាប់គ្នាឡើយ៕