គ្រប់គ្នានរណាក៏ចង់មានស្បែកមុខសរលោងស្រស់ស្អាតគ្មានមុន, ស្នាមជាំអ៊ុចខ្មៅ គួរឲ្យទាក់ទាញដែរ។ (អាន ៖ ដេកមិនលក់នាំអោយឈឺច្រើន! នេះជាដំណោះស្រាយ) ការព្យាបាលបែបទំនើប និងការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗ មិនត្រឹមតែតម្រូវឲ្យអ្នកចំណាយប្រាក់អស់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះផ្ដល់ប៉ះពាល់ចំពោះសុខភាពទៀតតាមរយៈសារធាតុគីមីដែលផលិតផលទាំងនោះមានផ្ទុក។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗមួយចំនួនដោះស្រាយកម្ចាត់បញ្ហាស្នាមជាំអ៊ុចខ្មៅលើផ្ទៃមុខប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖
១. ប៉េងប៉ោះនិងទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនប៉េងបោះឱ្យក្លាយជាខាប់ៗសឹមលាយជាមួយទឹកក្រូចឆ្មារស្រស់។ លាបម៉ាស្សាលើផ្ទៃមុខនិងរងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញ។ ប្រសិនបើមានអារម្មណ៍ស្បែកផ្សា ឬឈឺឆៀបៗបន្ទាប់ពីលាប ចូរលាងសម្អាតមុខចេញភ្លាមៗ។
២. ប្រេងអាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអាល់ម៉ុនសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី និងទុកចោលសម្រាប់រយៈពេលប្រហែល ៥ នាទីសិន សឹមប្រើប្រាស់ក្រណាត់ស្អាតជូតផ្ទៃមុខថ្នមៗ។
៣. ទឹកក្រូចឆ្មារស្រស់ជាមួយទឹក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ ផ្លែ លាយជាមួយទឹកធម្មតាបន្តិចសិន ហើយប្រើប្រាស់សំឡីជ្រលក់លាប ឬផ្ដិតថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសិន សឹមលាងជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយថ្ងៃ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានស្បែកមុខស្ដើងងាយប្រតិកម្ម គួរលាយទឹកផ្កាកុលាបប៉ុន្មានដំណក់ចូលជាមុនសិនសឹមលាបល្បាយលើផ្ទៃមុខ។ រីឯអ្នកដែលមានរបួសលើផ្ទៃមុនមិនគួរអនុវត្តរូបមន្តនេះឡើយ។
៤. ទឹកឃ្មុំសរីរាង្គនិងទឹកក្រូចឆ្មារស្រស់
លាយទឹកឃ្មុំជាមួយទឹកក្រូចឆ្មារស្រស់ដោយកូរឱ្យសព្វ។ សម្រាប់អ្នកដែលមានស្បែកមុខឆាប់ប្រតិកម្មអាចជំនួសទឹកក្រូចឆ្មារស្រស់ជាមួយជែលប្រទាលកន្ទុយក្រពើ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខដោយប្រុងប្រយ័ត្នកុំឱ្យចូលភ្នែក។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺយកជែលប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតា។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។
៦. ទឹកក្រូចឆ្មារស្រស់ ទឹកឃ្មុំ និងយ៉ាអួរសុទ្ធ
លាយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ និងយ៉ាអួរសុទ្ធ ១ ស្លាបព្រាកាហ្វេ។ លាបល្បាយលើផ្ទៃមុខឱ្យបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ២០ នាទី៕