សក់ស្កូវអាចជាបញ្ហាគួរឱ្យរំខានមួយ ជាពិសេសប្រសិនបើវាកើតឡើងក្នុងពេលយើងមានវ័យក្មេងនៅឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បញ្ហាសក់ស្កូវមុនវ័យអាចបណ្ដាលមកពីបរិមាណនៃមេឡានីនដែលផលិតដោយឬសសក់ធ្លាក់ចុះទាប។ ជួនកាលសារធាតុគីមីដែលអ្នកបានប្រើប្រាស់លើសក់ក៏ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវ ៖

១. អាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់

ប្រូតេអ៊ីន គឺចាំបាច់ណាស់សម្រាប់ការលូតលាស់នៃសក់និងរក្សាសុខភាពសក់ល្អប្រសើរ។ ការទទួលទានរបបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់ពិតជាអាចជួយឱ្យសក់ក្រាស់និងមានភាពទាក់ទាញ។

២. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក

ជាតិដែលសំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមដែលទទួលខុសត្រូវក្នុងការដឹកជញ្ជូនម៉ូលេគុលអុកស៊ីសែន។ ហើយការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ស្បែកក្បាលនឹងជួយរក្សាសុខភាពសក់ល្អប្រសើរ។

៣. កុំភ្លេចអាហារមានផ្ទុកអ៊ីយ៉ូដ

រួមមានត្រី បន្លែសមុទ្រ ស្ត្របឺរី និងដំឡូងបារាំងជាដើម។ អ៊ីយ៉ូដជាជាតិរ៉ែសំខាន់សម្រាប់ការផលិតមេឡានីនផ្ដល់ឱ្យសក់នូវពណ៌ខ្មៅស្រស់ស្អាត។

៤. បន្លែបៃតង

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាបន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសសៃ រួមទាំងវីតាមីន B ដែលចាំបាច់សម្រាប់រក្សាសុខភាពស្បែកក្បាល។ ហើយស្បែកក្បាលមានសុខភាពល្អ ក៏ដូចជាទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ជួយទប់ស្កាត់បញ្ហាសក់គ្រប់ប្រភេទ រួមទាំងសក់ស្កូវ។ វីតាមីន B12 ក្នុងបន្លែបៃតងក៏ចាំបាច់សម្រាប់ការផលិតអ័រម៉ូនសុខភាពល្អដែលជួយទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវផងដែរ។

៥. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ព្រមទាំងសេលេញ៉ូមដែលជាជាតិរ៉ែចាំបាច់សម្រាប់ការផលិតអ័រម៉ូនបានត្រឹមត្រូវក្នុងរាងកាយនិងរក្សាសុខភាពសក់ល្អប្រសើរ។ លើសពីនេះទៅទៀតសេលេញ៉ូមថែមទាំងជួយការពាររាល់កោសិកាពីសកម្មភាពនៃរ៉ាឌីកាល់សេរីទៀតផង៕