ការលេបថ្នាំបំបាត់ការឈឺចាប់នៅរាល់ពេលឈឺក្បាល គឺមិនមែនជាគំនិតល្អសោះឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីជះឥទ្ធិពលអវិជ្ជមានផ្សេងៗហើយនោះ ថ្នាំបំបាត់ការឈឺចាប់ក៏បង្កើនហានិភ័យនៃបញ្ហាសុខភាពគួរអោយព្រួយបារម្ភជាច្រើនផងដែរ។ អាការៈឈឺក្បាលប្រកាំងមិនចាំបាច់ទាល់តែលេបថ្នាំពេទ្យទើបបាត់ឡើយ ក៏ព្រោះតែបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយជាមួយនឹងអាហារមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរ ឬមិនគួរទទួលទានដើម្បីបំបាត់អាការៈឈឺក្បាលប្រកាំង ៖

  • អាហារនិងគួរភេសជ្ជៈគួរទទួលទាន

១. បន្លែផ្លែឈើ

បន្លែផ្លែឈើជួយរក្សាកម្រិតត្រឹមត្រូវនៃអ័រម៉ូន estrogen ទប់ស្កាត់ហានិភ័យនៃបញ្ហាឈឺក្បាលប្រកាំង។ កំឡុងពេលមករដូវស្ត្រីច្រើនតែជួបប្រទះអាការៈឈឺក្បាលប្រកាំងដោយសារកម្រិតនៃអ័រម៉ូន estrogen ធ្លាក់ចុះទាបពេក។

២. ខ្ញី

ខ្ញីមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងសសៃឈាមនៃក្បាលដែលអាចជួយបំបាត់ការឈឺក្បាលគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត ខ្ញីក៏ជួយសម្រួលការរំលាយអាហារបំបាត់អាការៈចង់ក្អួតដែលច្រើនកើតឡើងអមមកជាមួយបញ្ហាឈឺក្បាលប្រកាំងផងដែរ។

៣. ទឹកដោះគោមានជាតិខ្លាញ់ទាប

កង្វះជាតិទឹកក្នុងរាងកាយជាមូលហេតុចម្បងបំផុតមួយដែលបង្កអាការៈឈឺក្បាល។ ទឹកដោះគោមានជាតិខ្លាញ់ទាបមានប្រសិទ្ធភាពរក្សាជាតិទឹកក្នុងរាងកាយ និងថែមទាំងជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូម ព្រមទាំងប៉ូតាស្យូមដែលជួយបន្ថយឥទ្ធិពលពីការទទួលទានអាហារសម្បូរជាតិសូដ្យូមគួរឱ្យកត់សម្គាល់។

៤. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និងវីតាមីន B2 ដែលមានប្រសិទ្ធភាពព្យាបាលទប់ស្កាត់អាការៈឈឺក្បាលគ្រប់ប្រភេទ រួមទាំងបញ្ហាឈឺក្បាលប្រកាំងដោយកាត់បន្ថយការរលាក។

៥. ទឹកក្រូចឆ្មារ

នោះក៏ព្រោះតែភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយប្រយុទ្ធប្រឆាំងបញ្ហាឈឺក្បាលប្រកាំងបានយ៉ាងប្រសើរ។ ដូច្នេះនៅពេលឈឺក្បាលប្រកាំង ចូរលាយទឹកក្រូចឆ្មារស្រស់ចំនួនសមល្មមក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមអំបិល ២ ស្លាបព្រាកាហ្វេចូល កូរអោយសព្វសឹមទទួលទាន។ ភេសជ្ជៈនេះនឹងជួយកាត់បន្ថយការរលាកធ្វើអោយអ្នកបាត់ឈឺចាប់ឆាប់រហ័ស។

  • អាហារនិងភេសជ្ជៈគួរចៀសវាង

១. សូកូឡា

នោះក៏ព្រោះតែសូកូឡាមានផ្ទុកជាតិកាហ្វេអ៊ីននិងសារធាតុ beta-phenylethylamine ដែលបង្កបញ្ហាឈឺក្បាលប្រកាំង។ 

២. អាហារដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេ

ប៊ីចេង គឺជាសារធាតុបន្ថែមដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិអាហារ។ ទោះបីជាក្រុមអ្នកវិទ្យា
សាស្ត្រអះអាងថា MSG មានលក្ខណៈសមស្របសម្រាប់ការទទួលទានក៏ដោយ ក៏វានៅតែជាអ្វីដែលផ្សារភ្ជាប់ទៅនឹងអាការៈឈឺក្បាលប្រកាំងដែរ។ យោងតាមអ្នកជំនាញជាច្រើនបានអោយដឹងថា 
ប្រហែលពី ១០ ទៅ ១៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងនឹងមានស្ថានភាព ឬអាការៈកាន់តែធ្ងន់ធ្ងរក្រោយពីទទួលទានអ្វីដែលមានផ្ទុកសារធាតុ MSG ឬប៊ីចេង។ នោះក៏ព្រោះតែសារធាតុនេះជះឥទ្ធិពលអវិជ្ជមានលើដំណើរការមុខងារនៃខួរក្បាលនិងសសៃប្រសាទ។  

៣. សាច់កែច្នៃ

សាច់ប្រភេទនេះភាគច្រើនមានផ្ទុកសារធាតុនីត្រាតដែលអាចបង្កអាការៈឈឺក្បាលប្រកាំងតាមរយៈការធ្វើអោយសសៃឈាមរីកធំ។

៤. អាហារមានផ្ទុកសារធាតុ Tyramine

សារធាតុ Tyramine ភាគច្រើនមានក្នុងអាហារផ្អាប់ដូចជា ត្រសក់ត្រាំ និងគីមឈី។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងអាហារប្រភេទនេះ។

៥. ភេសជ្ជៈកាហ្វេអ៊ីន

ពិតណាស់ការទទួលទានភេសជ្ជៈកាហ្វេអ៊ីនដូចជា កាហ្វេ និងតែត្រឹមមួយពែងអាចសម្រាលអាការៈឈឺក្បាលបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាអ្នកអាចនឹងជួបប្រទះបញ្ហាឈឺក្បាលប្រកាំងជាមិនខាន 
ប្រសិនបើទទួលទានលើសកម្រិត ឬច្រើនពេក។ 

៦. គ្រឿងស្រវឹង

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញអោយដឹងថា ប្រមាណ ២៥ ភាគរយនៃអ្នកដែលឈឺក្បាលប្រកាំងមានអាការៈធ្ងន់ធ្ងរជាងមុននៅរាល់ពេលទទួលទានស្រាបៀរនិងស្រាក្រហម។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏អាចប្រឈមមុខនឹងបញ្ហាឈឺក្បាលប្រកាំងផងដែរក្រោយទទួលទានគ្រឿងស្រវឹង។ នោះក៏ព្រោះតែគ្រឿងស្រវឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលនឹងនាំអោយអាការៈឈឺក្បាលលេចឡើង៕