ជាធម្មតានរណាៗក៏ចង់បានស្បែកមុខសរលោងស្រស់ស្អាតដែរ! ប៉ុន្តែការស្រមៃនេះតែងត្រូវបានរំខាន ដោយសារបញ្ហាស្នាមមុនដែលពិបាកព្យាបាលកម្ចាត់ចេញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ឈប់បារម្ភខ្លាំងថានឹងត្រូវចំណាយប្រាក់អស់ច្រើន ទទួលរងផលប៉ះពាល់ពីសារធាតុគីមីនៃផលិតផលកម្ចាត់ស្នាមមុន និងខាតពេលវេលាយូរដើម្បីដោះស្រាយបញ្ហានេះទៀតទៅ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ស្នាមមុនបានយ៉ាងឆាប់រហ័ស ៖

១. តែបៃតងនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវការ ៖ ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ, តែបៃតង ១ កញ្ចប់តូច, ទឹកក្ដៅ និងហ្វូមលាងសម្អាតមុខ។

អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែក្នុងទឹកក្ដៅសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រងយកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

២. ផ្នែកពណ៌សនៃស៊ុត និងទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ៗជាមួយផ្នែកពណ៌សមួយគ្រាប់។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើមុខ។ ទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញតាមក្រោយ។

៣. ប្រទាលកន្ទុយក្រពើនិងទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់មួយស្លាបព្រាកាហ្វេជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្នាមមុន។ រងចាំរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕