ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃខ្ទឹមសចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ពីផលល្អៗរបស់អាហារមើមនេះចំពោះសម្រស់ឡើយ។ ( អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើខ្ទឹមសល្អអ្វីខ្លះចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ខ្ទឹមសថែរក្សាសម្រស់ ៖

១. រូបមន្តកម្ចាត់មុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ ឬកាត់ខ្ទឹមសជា ២ រួចដុសថ្នមៗលើតំបន់ស្បែកដែលមានបញ្ហា។ ទុកឱ្យទឹកខ្ទឹមសស្រស់ជាប់លើស្បែកមុខដែលមានមុនសម្រាប់រយៈពេលប៉ុន្មាននាទីសិន សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាលនិងទឹក។

២. បន្ថយស្នាមសំលាក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងខ្ទឹមសលើស្នាមសំលាកជាប្រចាំ។

៣. ទប់ស្កាត់សក់ជ្រុះ

អ្នកអាចលាយទឹកខ្ទឹមសស្រស់ជាមួយប្រេងជីអង្កាម។ រួចលាបម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនិងកក់សក់នៅថ្ងៃបន្ទាប់។ អ្នកអាចអនុវត្តរូបមន្តនេះពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។

៤. ជួយគ្រប់គ្រងទម្ងន់

ក្រៅពីជួយពន្លឿនការដុតរំលាយអាហារហើយនោះ ខ្ទឹមសក៏មានផ្ទុកសារធាតុ ajoene ជួយបំផ្លាញជាតិខ្លាញ់មិនល្អដែលស្ដុកទុកក្នុងរាងកាយ។ ខ្ទឹមសថែមទាំងជួយដុតបំផ្លាញជាតិកាឡូរីដែលលើសផងដែរ។ ដូច្នេះកុំភ្លេចរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីសម្រក ឬរក្សាទម្ងន់សមស្របដូចបច្ចុប្បន្ន។

៥. សុខភាពស្បែក

ក្រៅពីជួយបន្ថែមក្លិននិងរសជាតិដល់អាហារហើយនោះ ខ្ទឹមសក៏បង្កើនការផលិតកូឡាជែនផងដែរ។ ខ្ទឹមសមានផ្ទុកសារធាតុ sulfur ដែលអាចបញ្ឈប់ការបំបែកកូឡាជែនល្អសម្រាប់សុខភាពស្បែកក្មេងជាងវ័យ។

៦. កម្ចាត់អង្គែ

អ្នកអាចលាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយជាមួយខ្ទឹមសម៉ដ្ឋឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើស្បែកក្បាលនិងសក់ដោយម៉ាស្សាថ្នមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមកក់សក់លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញជាប្រចាំ។

៧. រូបមន្តបង្រួមរន្ធញើស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមស ២ កំពឹសលាយជាមួយទឹកប៉េងប៉ោះស្រស់បន្តិច រួចលាបល្បាយលើស្បែកមុខដែលមានបញ្ហារន្ធញើសធំ។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតមុខចេញជាមួយសាប៊ូកម្រិតស្រាលនិងទឹកធម្មតា។

៨. បន្ថយស្នាមសង្វារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបុកខ្ទឹមស ១ ឬ ២ កំពឹស​ឱ្យម៉ដ្ឋ រួចបន្ថែមវាចូលប្រេងម៉ាស្សាណាមួយដែលអ្នកចូលចិត្ត។ លាបម៉ាស្សាល្បាយជាប្រចាំលើកន្លែងដែលមានបញ្ហាស្នាមសង្វារ៕