ទោះបីជាស្គាល់និងឧស្សាហ៍ទំពារស្ករកៅស៊ូប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងពីឥទ្ធិពលរបស់វាចំពោះរាងកាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ថាតើការទំពារស្ករកៅស៊ូជះឥទ្ធិពលអ្វីខ្លះលើរាងកាយ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលនៃទម្លាប់ទំពារស្ករកៅស៊ូ ៖

១. ចំពោះសុខភាពធ្មេញ

ស្ករកៅស៊ូអាចផ្ដល់ទាំងអត្ថប្រយោជន៍និងផលប៉ះពាល់ចំពោះសុខភាពធ្មេញរបស់អ្នក។ ចំពោះស្ករកៅស៊ូគ្មានជាតិស្ករ គឺមានប្រសិទ្ធភាពកម្ចាត់បាក់តេរីបានយ៉ាងប្រសើរ។ វាជួយការពារធ្មេញពីបញ្ហាពុកដង្កូវស៊ីនិងរលាកអញ្ចាញធ្មេញដោយបង្កើនបរិមាណទឹកមាត់ជម្រះជាតិអាស៊ីតនិងកំទេចកំទីអាហារជាប់ធ្មេញ។ វាក៏ជួយពង្រឹងកាចាធ្មេញផងដែរ។ ប៉ុន្តែធ្មេញនឹងមានបញ្ហានៅពេលអ្នកជ្រើសរើសទំពារស្ករកៅស៊ូដែលមានផ្ទុកជាតិស្ករ។ បាក់តេរីដែលមាននៅលើធ្មេញនឹងរំលាយស្ករមុនពេលហូរចូលដល់ក្រពះរបស់អ្នក។ ជាលទ្ធផលកំណកកំបោរនឹងកើតមានឡើងជាប់ធ្មេញបង្កើនហានិភ័័យនៃបញ្ហាពុកធ្មេញ។

២. ការចងចាំកាន់តែមានភាពប្រសើរឡើង

ការទំពារស្ករកៅស៊ូបង្កើនអត្រាចង្វាក់បេះដូង លំហូរឈាម និងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល។ មួយក្នុងចំណោមឥទ្ធិពលវិជ្ជមាននៃការទំពារស្ករកៅស៊ូ គឺវាជួយបង្កើនការចងចាំ។ ទោះជាយ៉ាងណាវិធីនេះមិនមានប្រសិទ្ធភាពរយៈពេលយូរឡើយ គឺដំណើរការបានតែនៅពេលអ្នកទំពារមុន ឬ កំឡុងពេលបំពេញភារកិច្ចប៉ុណ្ណោះ។ ទោះជាយ៉ាងណាគួរជ្រើសរើសស្ករកៅស៊ូគ្មានជាតិស្ករ។

៣. វាជួយឱ្យស្រកទម្ងន់

ស្ករកៅស៊ូក៏អាចជួយទប់ចំណង់អាហារផងដែរ។ ក្រោយពេលទំពារស្ករកៅស៊ូនៅពេលព្រឹក មនុស្សភាគច្រើនងាយនឹងមានអារម្មណ៍មិនសូវឃ្លាន។ វាមានផ្ទុកកាឡូរីទាននិងមិនផ្អែមដែលជាជម្រើសនៃអាហារសម្រន់ដ៏ប្រសើរ។

៤. វាអាចបណ្ដាលឱ្យថ្គាមមានបញ្ហា

ការទំពារស្ករកៅស៊ូជាប្រចាំអាចបណ្ដាលឱ្យសន្លាក់ថ្គាមមានបញ្ហា ព្រមជាមួយសាច់ដុំជុំវិញវា។ ហានិភ័យងាយនឹងកើនឡើងខ្ពស់បំផុត ប្រសិនបើអ្នកទំពារស្ករកៅស៊ូកំឡុងពេលស្ត្រេសដោយមនុស្សភាគច្រើនមានទំនោរសង្គ្រឺតធ្មេញទាំងមិនដឹងខ្លួន។

៥. វាកាត់បន្ថយអាការៈក្រហាយទ្រូង

ការទំពារស្ករកៅស៊ូក្រោយពេលទទួលទានអាហារអាចបន្ថយកម្រិតនៃជាតិអាស៊ីតក្នុងបំពងអាហារ។ ការកើនឡើងនូវបរិមាណទឹកមាត់ក៏ជួយរំលាយនិងបន្សាបជាតិអាស៊ីតផងដែរ។ ជាលទ្ធផលអ្នកមិនងាយនឹងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះនិងក្រហាយទ្រូងឡើយ។

៦. ចំពោះសុខភាពខួរក្បាល

ការទំពារស្ករកៅស៊ូអាចផ្ដល់ទាំងអត្ថប្រយោជន៍រួមជាមួយផលប៉ះពាល់ដល់សុខភាពខួរក្បាល។ ចំពោះអត្ថប្រយោជន៍ គឺការទំពារស្ករកៅស៊ូជួយទប់ទល់បញ្ហាស្ត្រេស និងបង្កើនអារម្មណ៍ល្អប្រសើរ។ ជាលទ្ធផលកម្រិតនៃអ័រម៉ូនស្ត្រេស cortisol ក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់។ រីឯផលប៉ះពាល់វិញ គឺការទំពារស្ករកៅស៊ូជាប្រចាំនឹងផ្ដល់សម្ពាធដល់ថ្គាមបង្កើនហានិភ័យនៃអាការៈឈឺក្បាលញឹកញាប់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង