របួសពកក្បាលច្រើនលេចឡើងនៅពេលប៉ះទង្គិចនឹងអ្វីមួយដែលវាអាចអមមកជាមួយនូវអាការៈឈឺចាប់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបញ្ហានេះកើតឡើងតើគួរធ្វើបែបណាទើបឆាប់បាត់? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអ្នកគួរនិងមិនគួរធ្វើនៅពេលមានរបួសពកក្បាល ៖
- អ្វីដែលអ្នកគួរធ្វើ
១. ស្អំត្រជាក់
វិធីដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយអាការៈហើមនៅពេលពកក្បាល ឬលើថ្ងាស គឺការស្អំត្រជាក់លើកន្លែងដែលមានបញ្ហា។ អ្នកអាចប្រើប្រាស់កញ្ចប់ទឹកកក ប៉ុន្តែកុំស្អំផ្ទាល់តែម្ដង គួររុំកន្សែងមួយជាន់សិន។ ស្អំទឹកកកសម្រាប់រយៈពេល ២០ នាទី ឬច្រើនជាងនេះ រួចសឹមផ្លាស់ប្ដូរដុំទឹកកក ឬកញ្ចប់ទឹកកកថ្មី។
សម្គាល់៖ ប្រសិនបើអាការៈពកថ្ងាស ឬក្បាលមិនបាត់ទៅវិញ ឬមិនប្រសើរខ្លះបន្ទាប់ពីអនុវត្តការព្យាបាលបែបនេះទេនោះ អ្នកគួរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។ នេះក៏ព្រោះតែអាការៈហើមពកក្បាលដែលមិនបាត់ទៅវិញអាចបណ្ដាលមកពីបញ្ហាមិនប្រក្រតីណាមួយដែលចាំបាច់ទទួលបានការព្យាបាលជាមួយថ្នាំអង់ទីប៊ីយោទិកនិងថ្នាំប្រឆាំងការរលាក។ ករណីធ្ងន់ធ្ងរវេជ្ជបណ្ឌិតអាចណែនាំឱ្យទទួលការវះកាត់។
២. ទទួលទានប្រូតេអ៊ីនបន្ថែម
ការទទួលទានប្រូតេអ៊ីនច្រើនជាងមុនអាចជួយក្នុងការជួសជុលជាលិកាឡើងវិញ ហើយពន្លឿនការជាសះស្បើយនៃរបួស។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារសម្បួរប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។
៣. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយនឹងជួយកម្ចាត់ជាតិពុលចេញពីក្នុងប្រព័ន្ធ។ វាក៏ជួយសម្រួលដល់ចរន្តឈាមរត់ ហើយរបួសពកក្បាលរបស់អ្នកក៏ឆាប់ជាផងដែរ។
- អ្វីដែលអ្នកមិនគួរធ្វើ
១. ម៉ាស្សាលើដុំពក
ការម៉ាស្សាអាចបណ្ដាលឱ្យអាការៈកាន់តែអាក្រក់ឡើងច្រើនជាងល្អ។ ការម៉ាស្សាថ្ងាសដែលពក ឬដុំពកបង្កការរារាំងដល់ដំណើរនៃការជាសះស្បើយតាមធម្មជាតិនៃរាងកាយ ហើយថែមទាំងពន្យឺតការជាសះស្បើយនៃដុំពកផងដែរ។ ចៀសវាងការសង្កត់ ឬផ្ដល់សម្ពាធលើដុំពកទើបប្រសើរ។
ប្រយ័ត្ន! ប្រសិនបើរបួសពកក្បាល ឬលើថ្ងាសមានហូរឈាមនោះ ចូរកុំដាក់ដៃទប់ពីលើចៀសវាងការឆ្លងមេរោគ។ អ្នកគួរប្រើប្រាស់កន្សែងស្អាតទប់ពីលើថ្នមៗនិងធ្វើការសង្គ្រោះបឋម។ ក្នុងករណីរបួសក្បាលអមមកជាមួយនូវអាការៈសន្លប់ វង្វេងស្មារតី ភ័ន្តភាំង ឈឺក្បាលមិនឈប់ ក្អួត បាត់បង់ការចងចាំ និងអារម្មណ៍ប្រែប្រួល។ ចូរប្រញាប់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញជាបន្ទាន់៕