ពិតណាស់ដែលការទទួលទានអាហារសម្បូរកាបូអ៊ីដ្រាតច្រើនលើសអាចបណ្ដាលឱ្យកើនទម្ងន់និងជះឥទ្ធិពលដល់កម្រិតជាតិស្ករក្នុងឈាម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាមិនមែនគ្រប់អាហារសម្បូរកាបូអ៊ីដ្រាតទាំងអស់សុទ្ធតែមិនល្អចំពោះសុខភាពឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារសម្បូរកាបូអ៊ីដា្រតដែលល្អចំពោះសុខភាព ៖

១. បាយអង្ករសម្រូប

ជាអាហារសុខភាពល្អមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ ជាតិសសៃគឺជាសារធាតុចិញ្ចឹមចាំបាច់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំនិងជំងឺមហារីកសុដន់។ ក្រៅពីទប់ស្កាត់ជំងឺមហារីកជាតិសសៃក៏ចាំបាច់សម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។ លើសពីនេះទៅទៀតការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិសសៃជួយរក្សាសុខភាពសសៃឈាមបេះដូងដោយកម្ចាត់កូឡេស្តេរ៉ូលមិនល្អនិងបញ្ចុះសម្ពាធឈាម។ ជាតិសសៃក្នុងបាយអង្ករសម្រូបក៏ជួយពន្យឺតនិងគ្រប់គ្រងការបញ្ចេញជាតិស្ករក្នុងឈាមផងដែរ។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់នៃបាយអង្ករសម្រូបថែមទាំងជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនកាន់តែប្រសើរឡើងទៀតផង។ បាយអង្ករសម្រូបក៏ជួយបង្កើនកម្រិតថាមពលរាងកាយតាមរយៈវីតាមីន B2 វីតាមីន B3 និងវីតាមីន B6។

២. ដំឡូងផ្អែម

ក្រៅពីកាបូអ៊ីដ្រាត ដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលល្អចំពោះសុខភាព។ ដំឡូងផ្អែមក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលរាងកាយត្រូវការចាំបាច់ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំនិងសុខភាពស្បែក។ លើសពីនេះទៅទៀតដំឡូងផ្អែមក៏មានផ្ទុកសារធាតុ beta-carotene ដែលល្អចំពោះសុខភាពភ្នែកផងដែរ។

៣. ផ្លែចេក

ក្រៅពីកាបូអ៊ីដ្រាត ផ្លែចេកមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមដែលជួយបញ្ចុះសម្ពាធឈាម។ លើសពីនេះទៅទៀតការទទួលទានចេកក៏អាចផ្ដល់ឱ្យរាងកាយនូវជាតិម៉ាញ៉េស្យូមដែលជួយទប់ទល់អាការៈបេះដូងលោតញាប់ ថប់បារម្ភ និងគេងមិនលក់ផងដែរ។

៤. ផ្លែប៉ោម

មានផ្ទុកកាបូអ៊ីដ្រាតពី ១៣ ទៅ ១៥ ភាគរយ។ ក្រៅពីនេះផ្លែប៉ោមជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការទទួលទានផ្លែប៉ោមអាចផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព រួមបញ្ចូលទាំងការជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

៥. បន្លែបៃតង

មិនត្រឹមតែមានផ្ទុកសម្បូរទៅដោយជាតិសសៃ វីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពដ៏ប្រសើរនៃកាបូអ៊ីដា្រតល្អផងដែរ៕