ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាកត្តាមួយចំនួនអាចបន្ថែមស្នាមជ្រីវជ្រួញលើស្បែកគួរឱ្យកត់សម្គាល់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីកត្តាដែលអាចបណ្ដាលឱ្យស្បែកកាន់តែជ្រីវជ្រួញ ៖

១. គេងមិនបានគ្រប់គ្រាន់

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ នោះវាអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក ហើយរបាំងការពារស្បែកក៏ត្រូវថយចុះ។ ការគេងបានគ្រប់គ្រាន់ ៨ ម៉ោងក្នុងមួយយប់ជាគន្លឹះជួយឱ្យស្បែកមានពេលគ្រប់គ្រាន់ក្នុងការជួសជុលឡើងវិញនិងការលូតលាស់នៃកោសិកាថ្មី។ ដូច្នេះប្រសិនបើចង់រក្សាបាននូវស្បែកដែលក្មេងជាងវ័យ ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។

២. កង្វះសារធាតុប្រឆាំងអុកស៊ីតកម្ម

វីតាមីន A វីតាមីន C វីតាមីន E និងប៉ូតាស្យូម គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពស្បែក។ ដូច្នេះចូរព្យាយាមរួមបញ្ចូលបន្លែ ពិសេសការ៉ុត ប៉េងប៉ោះ និងបន្លែស្លឹកបៃតងក្នុងរបបអាហារប្រចាំថ្ងៃ។ វាក៏ល្អណាស់ដែរក្នុងការរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារដើម្បីរក្សាភាពក្មេងជាងវ័យនៃស្បែក។

៣. កង្វះប្រូតេអ៊ីន

កង្វះប្រូតេអ៊ីនក្នុងរបបអាហារអាចបណ្ដាលឱ្យស្បែកបាត់បង់ភាពបត់បែននិងកាន់តែជ្រីវជ្រួញខ្លាំង។ វាក៏រារាំងស្បែកពីការជាសះស្បើយនិងជួសជុលឡើងវិញដោយខ្លួនឯងផងដែរ។

៤. ការប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេក

ការដែលប៉ះត្រូវពន្លឺព្រះអាទិត្យច្រើនពេកអាចជះផលអាក្រក់ច្រើនជាងល្អ។ ពន្លឺព្រះអាទិត្យលើសលប់អាចបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យនិងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ នេះហើយជាមូលហេតុដែលអ្នកគួរប្រើប្រាស់ឡេការពារស្បែកពីពន្លឺព្រះអាទិត្យដែលមានផ្ទុក SPF យ៉ាងហោចណាស់ ៣០ នៅពេលចេញក្រៅក្រោយម៉ោង ១០ ព្រឹកនិងមុនម៉ោង ៤ ល្ងាច។

៥. កង្វះជាតិទឹកក្នុងរាងកាយ

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃក៏ចាំបាច់ណាស់ដែរសម្រាប់រក្សាសុខភាពស្បែកល្អប្រសើរស្រស់ស្អាតក្មេងជាងវ័យ។ កង្វះជាតិទឹកនឹងបណ្ដាលឱ្យស្បែកស្ងួតឆាប់ជ្រីវជ្រួញ ហើយងាយជួបប្រទះបញ្ហាផ្សេងៗថែមទៀត។

៦. ទទួលទានអាហារកែច្នៃច្រើន

អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ៕