ក្លិនជើងមិនល្អជាបញ្ហាគួរឱ្យរំខាន និងអាម៉ាសបំផុតមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែកុំបារម្ភ! អ្នកអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយរូបមន្តបែបធម្មជាតិមួយចំនួន។ ថាតើរូបមន្តបែបធម្មជាតិកម្ចាត់ក្លិនជើងស្អុយមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងរូបមន្តទាំងនោះ ៖
១.ក្រូចឆ្មារ និងម្ស៉ៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ baking soda ចំនួន ៤ ស្លាបព្រាបាយ ជាមួយទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង និងបន្ថែមទឹកក្រូចឆ្មារស្រស់ ចំនួន ១ ផ្លែ ចូល។ កូរអោយសព្វ សឹមត្រាំជើងក្នុងល្បាយនេះសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ជាការស្រេច។
២. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ពែងកន្លះ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ៨ ពែង។ កូរអោយសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ១៥ នាទី អោយបាន ២ ដងក្នុងមួយថ្ងៃ។ ហើយនៅមុនពេលស្ងួតទាំងស្រុង ចូរលាងសម្អាតជើងជាមួយទឹកត្រជាក់ដើម្បីកម្ចាត់ក្លិនជូរនៃទឹកខ្មេះ។
៣. តែខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែខ្មៅចំនួន ៥ កញ្ចប់តូចក្នុងទឹកក្ដៅឧណ្ហៗចំនួន ៤ ពែងសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកត្រាំជើងក្នុងទឹកតែដែលឆុងរួចសម្រាប់រយៈពេល ២០ នាទី ម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៤. ទឹកខ្ពុរមាត់
អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកខ្ពុរមាត់មានផ្ទុកជាតិអាល់កុល។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយនេះសម្រាប់រយៈពេលប៉ុន្មាននាទី ឬរហូតដល់ទឹកចុះត្រជាក់តែម្ដង។ វិធីនេះក្រៅពីជួយកម្ចាត់ក្លិនជើងមិនល្អហើយនោះ ក៏ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាលផងដែរ។
៥. ទឹកប៉េងប៉ោះស្រស់
បន្ថែមទឹកប៉េងប៉ោះស្រស់ចំនួន ២ ពែង ក្នុងទឹកក្ដៅឧណ្ហៗមួយធុងសមល្មម។ ត្រាំជើងក្នុងទឹកនេះ ហើយចាប់ផ្ដើមដុសជើងសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចអនុវត្តរូបមន្តនេះរៀងរាល់ថ្ងៃ៕