ជាធម្មតាអាការៈចាញ់កូនកើតឡើងក្នុងកំឡុងសប្តាហ៍ទី ៦ ឬ ទី៧ នៃការមានផ្ទៃពោះ ហើយធ្វើទុក្ខខ្លាំងនៅសប្តាហ៍ទី ៨ និងទី៩។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការទទួលទានថ្នាំពេទ្យ អាការៈចាញ់កូនក៏អាចធូរស្បើយជាមួយរូបមន្តបែបធម្មជាតិផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយសម្រាលអាការៈចាញ់កូនបានយ៉ាងឆាប់រហ័ស ៖

១. បរិភោគឱ្យបានទៀងទាត់

ការទទួលទានអ្វីមួយរៀងរាល់ពី ២ ទៅ ៣ ម៉ោងអាចជួយរក្សាស្ថេរភាពនៃជាតិស្ករក្នុងឈាមទប់ស្កាត់អាការៈចាញ់កូនមិនឱ្យធ្វើទុក្ខឡើង។ អ្នកអាចទទួលទានអាហារសម្រន់បន្តិចបន្តួចរាល់ចន្លោះពេលអាហារប្រសិនបើចង់ ប៉ុន្តែត្រូវប្រាកដថាអ្នកជ្រើសរើសទទួលទានអាហារសម្រន់សុខភាពល្អដោយគួរចៀសឱ្យផុតពីអាហារមានផ្ទុកជាតិស្ករ ឬខ្លាញ់ខ្ពស់។

២. ទទួលទានតែខ្ញី

ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកាត់បន្ថយការរលាកផ្សេងៗដែលបង្កអាការៈចង្អោរចង់ក្អួត។ លើសពីនេះទៅទៀត ខ្ញីក៏ជាប្រភពនៃសារធាតុ gingerol ដែលមានឥទ្ធិពលយ៉ាងប្រសើរលើប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធសសៃប្រសាទកណ្ដាលជួយសម្រាលអាការៈចង្អោរចង់ក្អួត, ឈឺពោះ រាគ ព្រមទាំងជំងឺមួយចំនួនផ្សេងទៀតពាក់ព័ន្ធជាមួយការរំលាយអាហារបានយ៉ាងប្រសើរផងដែរ។ ដើម្បីបំបាត់អាការៈចង្អោរចង់ក្អួតបានឆាប់ ចូរទទួលទានតែខ្ញីមួយពែង ឬអ្នកអាចទំពារខ្ញីមួយចំណិតទាំងឆៅតែម្ដងក៏បាន។

៣. កុំរំលងជីអង្កាម

ជីអង្កាម គឺជាឱសថបែបធម្មជាតិមួយទៀតដែលជួយសម្រួលសាច់ដុំក្រពះបំបាត់អាការៈចង្អោរ និងក្អួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែជីអង្កាម ឬហិតប្រេងជីអង្កាមជាការស្រេច។

៤. សាកល្បងទទួលទានទឹកក្រូចឆ្មារ

រសជាតិជូរនៃក្រូចឆ្មារអាចជួយបំបាត់អាការៈចង្អោរចង់ក្អួតបានយ៉ាងប្រសើរ។ គ្រាន់តែលាយទឹកក្រូចឆ្មារស្រស់បន្តិចជាមួយតែខ្ញីរួចទទួលទានជាការស្រេច។ អ្នកក៏អាចលាយទឹកក្រូចឆ្មារជាមួយទឹកធម្មតាបានដែរ។

៥. ក្រេបទឹកត្រជាក់

សម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវប្រឈមមុខនឹងអាការៈក្អួត គឺត្រូវប្រាកដថាបានទទួលទានទឹកច្រើនគ្រប់គ្រាន់វិញដើម្បីបំពេញជាតិទឹកដែលបាត់បង់។ ហើយការទទួលទានទឹកត្រជាក់នៅពេលមានអារម្មណ៍ចង្អោរចង់ក្អួត ឬរកកលនឹងក្អួតពិតជាអាចជួយឱ្យអ្នកមានអារម្មណ៍ប្រសើរជាងមុន។

៦. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណក៏ជួយកាត់បន្ថយឥទ្ធិពលនៃអាការៈចាញ់កូនបានយ៉ាងឆាប់រហ័សគួរអោយកត់សម្គាល់។ ទោះជាយ៉ាងណា នេះមិនមែនមានន័យថា អ្នកត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាអ្វីឡើយ គឺគ្រាន់តែដើរ ឬហែលទឹកក៏អាចសម្រាលអាការៈចាញ់ដែរ។

៧. សម្រាកឱ្យបានគ្រប់គ្រាន់

ប្រសិនបើអ្នកកំពុងមានអារម្មណ៍ចង្អោរចង់ក្អួត ឬវិលមុខត្រូវប្រាកដថាអ្នកផ្អែកខ្លួនហើយសម្រាក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង