ប្រព័ន្ធទឹករងៃមនុស្សយើងគឺជាកន្លែងទទួលខុសត្រូវលើការធ្វើចលនាជាតិទឹកក្នុងរាងកាយមនុស្សយើង ដូច្នេះរាល់កាកសំណល់ដែលកើតមាននឹងត្រូវបញ្ចេញចោល។ វាគឺជារឿងមួយដែលបញ្ជាក់កាន់តែច្បាស់ថា សរីរាង្គជាច្រើន ព្រមទាំងជាលិកាក្នុងរាងកាយស្ថិតក្នុងសភាពមានសុខភាពល្អ ដោយសារតែការធ្វើចលនារបស់ជាតិទឹកនេះកើតឡើងជាប់រហូត។ បើសិនជាអ្នកមានបញ្ហាជាច្រើននៅក្នុងប្រព័ន្ធទឹករងៃ អ្នកនឹងធ្លាប់មានបញ្ហាហើមពោះ ឡើងកន្ទួលរមាស់ ឈឺចាប់នៅប្រអប់ដៃប្រអប់ជើង ហើមសុដន់ក្នុងពេលមករដូវ និងរលាកកោសិកាស្បែកទៀតផង។

ដំណឹងល្អនោះគឺថា វាមានវិធីច្រើនដែលអ្នកអាចធ្វើបានដើម្បីជួយដល់ការច្រោះជាតិពុលពីក្នុងប្រព័ន្ធទឹករងៃ ដូច្នេះអ្នកអាចចាប់ផ្តើមវាបាន ជាមួយនឹងវិធីដូចខាងក្រោមនេះ៖

បង្គ្រប់ជាតិទឹកក្នុងខ្លួនជានិច្ច
បើសិនជាអ្នកចង់រក្សាមុខងារកាន់តែល្អរបស់ប្រព័ន្ធទឹករងៃ អ្នកត្រូវតែធ្វើឲ្យកន្លែងនេះមានជាតិទឹកគ្រប់គ្រាន់ជាប់។ អ្នកជំនាញបានណែនាំឲ្យដឹងថា អ្នកគួរតែញ៉ាំទឹកយ៉ាងហោចណាស់ ៨កែវជារៀងរាល់ថ្ងៃ។ ចូរជ្រើសរើសទឹកក្តៅឧណ្ហៗព្រោះវាអាចជួយពង្រីកកោសិកាបាន។ វាក៏អាចបើកកោសិកាដើម្បីបឺតស្រូបជាតិកាន់តែច្រើនដែរ។

ញ៉ាំគ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ
អ្នកក៏អាចញ៉ាំគ្រាប់ធញ្ញជាតិ និងផ្លែឈើដែលមិនមានជាតិប្រៃដែរ ព្រោះវាពោរពេញទៅដោយខ្លាញ់ល្អៗ ដែលមានឈ្មោះថា អូមេហ្គាបី និងអូមេហ្គាប្រាំមួយ។ វាមាននាទីក្នុងការកាត់បន្ថយការរលាក។ អាស៊ីតខ្លាញ់ទាំងនេះក៏ជម្រុញដល់មុខងារប្រព័ន្ធទឹករងៃដែរ ដូច្នេះរាល់កាកសំណល់ទាំងឡាយដែលមានក្នុងរាងកាយ នឹងបញ្ចេញចោលកាន់តែលឿន។

ហាត់ប្រាណ
បើសិនជាអ្នកចង់ពង្រឹងដល់មុខងារប្រព័ន្ធទឹករងៃ អ្នកត្រូវតែយកការហាត់ប្រាណជាផ្នែកមួយនៃទម្លាប់ប្រចាំថ្ងៃ។ អ្នកក៏អាចជ្រើសរើសការដើរជាការហាត់ប្រាណដែរ បើសិនជាអ្នកមិនមានពេលទៅក្លិបហាត់ប្រាណ ឬឧបករណ៍ហាត់ប្រាណទេ។ មធ្យោបាយមួយផ្សេងទៀតក្នុងការច្រោះជាតិពុលពីក្នុងប្រព័ន្ធទឹករងៃដែរនោះគឺការបែកញើស។ ការដែលធ្វើឲ្យរាងកាយចេញញើស មានន័យថា ជាការបញ្ចេញជាតិពុលដែលកកកុញក្នុងរាងកាយ។ អ្នកអាចធ្វើបែបនេះតាមរយៈការហាត់ប្រាណ នៅបន្ទប់ស្ទីម ឬសូណា៕