ស្នាមជ្រីវជ្រួញជាផ្នែកមួយនៃដំណើរការភាពចាស់តាមវ័យរបស់ស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាភាគច្រើននៃពួកយើងតែងស្វែងរកនូវវិធីដើម្បីបន្ថយការលេចចេញនូវរូបរាងនៃស្នាមជ្រីវជ្រួញ។ តើអ្នកធ្លាប់ដឹងទេថារូបមន្តបែបធម្មជាតិមួយចំនួនអាចជួយបន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញ ៖
១. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើផ្ទៃមុខនិងក។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
២. ប្រេងដូង
ប្រេងដូងសុទ្ធមានផ្ទុកសម្បូរទៅដោយវីតាមីនដែលចាំបាច់សម្រាប់សុខភាពស្បែកដើម្បីរក្សាបាននូវភាពតឹងណែនគ្មានស្នាមជ្រីវជ្រួញ។ អ្នកអាចលាបម៉ាស្សាប្រេងដូងបន្តិចពេញផ្ទៃមុខ ក្រោយលាងសម្អាតមុខរួច។
៣. ចេក
កិនចេកទុំ ២ ផ្លែឱ្យក្លាយជាល្បាយខាប់ៗបន្ទាប់មកលាបលើស្នាមជ្រីវជ្រួញជាការស្រេច។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយជាការស្រេច។
៤. គ្រាប់អាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំគ្រាប់អាល់ម៉ុនប៉ុន្មានគ្រាប់រយៈពេល ១ យប់ បន្ទាប់មកសឹមបកសំបកចេញសិនមុនពេលកិនវាឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើផ្ទៃមុខ ឬតំបន់ស្បែកដែលមានបញ្ហាជ្រីវជ្រួញ ហើយទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ និងប្រើប្រាស់ផលិតផលផ្ដល់សំណើមជាការស្រេច។
៥. ស៊ុត
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្នែកពណ៌លឿងនៃស៊ុតជាមួយចេកទុំ។ កិនឱ្យសព្វចូលគ្នា សឹមលាបលើផ្ទៃមុខធ្វើជាម៉ាស។ រងចាំសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕