ដោយសារតែអ្នកមិនចង់បានចង្កេះ ឬក្បាលពោះរាបស្មើ មិនមែនមានន័យថា អ្នកមិនគួរណាមិនហាត់ប្រាណទាំងអស់នោះទេ។ ការដែលហាត់ប្រាណបានទៀងទាត់មិនគ្រាន់តែជួយរំលាយជាតិខ្លាញ់ដែលមានច្រើនក្នុងខ្លួន និងបង្កើនកម្លាំងសាច់ដុំទេ តែវាក៏ជួយផ្តល់សុខភាពល្អដែរ។ វាមិនខ្វល់ថា អ្នកអាយុ ១៧ឆ្នាំ ឬ៦៥ឆ្នាំឡើយ ការហាត់ប្រាណគឺសុទ្ធតែមានប្រយោជន៍ចំពោះរាងកាយទាំងអស់។

ខាងក្រោមនេះគឺជារឿងមួយចំនួនដែលអាចនឹងកើតមានបើសិនជាអ្នកមិនព្រមធ្វើការហាត់ប្រាណអ្វីទាំងអស់នោះ៖

1ធាត់ជ្រុល

ភាគច្រើនបើសិនជាអ្នកចូលចិត្តញ៉ាំអាហារដែលមានជាតិខ្លាញ់ និងកាឡូរីខ្ពស់ៗ ការដែលមិនបានហាត់ប្រាណគ្រប់ទៀត វាពិតជាអាចធ្វើឲ្យអ្នកឡើងទម្ងន់លឿនណាស់។ ការដែលធាត់នេះមិនគ្រាន់តែធ្វើឲ្យបាត់បង់ទំនុកចិត្ត និងការស្រឡាញ់ខ្លួនឯងឡើយ តែវាក៏ប៉ះពាល់ដល់សុខភាពថែមទៀតដែរ។

2សម្ពាធឈាមឡើងខ្ពស់

ការដែលមិនបានហាត់ប្រាណសុទ្ធតែម្តងអាចធ្វើឲ្យបេះដូងធ្វើការមិនបានគ្រប់គ្រាន់ ហើយវាក៏មិនអាចច្របាច់ឈាមបានសព្វរាងកាយដែរ។ អ្នកពិតជាមិនចង់បានឲ្យបេះដូងធ្វើការមិនល្អឡើយ ព្រោះវាអាចធ្វើឲ្យមានបញ្ហាជាច្រើនដូចជា សម្ពាធឈាមឡើងខ្ពស់ជាដើម។ នៅពេលសម្ពាធឈាមឡើងខ្ពស់ ប្រព័ន្ធបេះដូងសរសៃឈាម និងសរីរាង្គផ្សេងៗទៀតក៏រងការប៉ះពាល់ដែរ។

3កូឡេស្តេរ៉ុលអាក្រក់កើនឡើង

យោងទៅតាមគ្រូពេទ្យបានឲ្យដឹងថា ឥទ្ធិពលអវិជ្ជមានផ្សេងមួយទៀតនៃការមិនបានហាត់ប្រាណ គឺការកើនឡើងកូឡេស្តេរ៉ុលអាក្រក់ក្នុងឈាម។ ការហាត់ប្រាណទៀងទាត់ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថាអាចបញ្ចុះកូឡេស្តេរ៉ុលអាក្រក់បានតាមរយៈការបង្កើនកូឡេស្តេរ៉ុលល្អវិញ។

4ជំងឺបេះដូង

ការកើនឡើងសម្ពាធឈាម និងកូឡេស្តេរ៉ុលអាក្រក់គឺជាកត្តាប្រឈមមុខដ៏ចំបងមួយនៃជំងឺបេះដូង។ ហើយដោយសារតែអ្នកអាចមានបញ្ហាទាំងនេះតាមរយៈការមិនបានហាត់ប្រាណទៀងទាត់ នោះបេះដូងពិតជាងាយរងគ្រោះថ្នាក់ណាស់។

5ខ្សោយ

ការហាត់ប្រាណទៀងទាត់គឺជាមធ្យោបាយដ៏អស្ចារ្យមួយដើម្បីបង្កើត និងរក្សាសាច់ដុំ។ បើសិនជាអ្នកបដិសេធន៍លើការហាត់ប្រាណ នោះសាច់ដុំអ្នកអាចនឹងចុះខ្សោយទៅៗ។ តាមពិត វាប្រហែលជាអាចស្វិតផងបើសិនជាអ្នកមិនប្រើវាតាមរយៈការហាត់ប្រាណ និងសកម្មភាពរាងកាយផ្សេងៗ។

6ស្រ្តេសកាន់តែខ្លាំង

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាគឺងាយនឹងស្រ្តេសណាស់។ ដូច្នេះសកម្មភាពភាគច្រើនដើម្បីបំបាត់ស្រ្តេសគឺអាចធ្វើបានហើយក៏ប្រហែលជាមានប្រសិទ្ធភាពបំផុតនោះគឺការហាត់ប្រាណទៀងទាត់តែម្តង។ ក្រៅពីនេះ ការហាត់ប្រាណក៏ជាមធ្យោបាយដ៏ឆ្លាតវៃមួយលើការបំបាត់ឥទ្ធិពលអាក្រក់នៃស្រ្តេសដែរដូចជា គេងមិនលក់ ធាត់ជ្រុល និងជំងឺបេះដូង។

7បាក់ទឹកចិត្ត

តើអ្នកមានដឹងទេថា ការហាត់ប្រាណអាចធ្វើឲ្យមានអ័រម៉ូនសប្បាយចិត្តហូរចូលខួរក្បាលកាន់តែច្រើនទេ? បើសិនជាអ្នកមិនហាត់ប្រានទេ ពិតណាស់ អ្នកនឹងងាយបាក់ទឹកចិត្ត ថប់អារម្មណ៍ ឆេវឆាវ និងខឹងច្រើន។

8ជំងឺពុកឆ្អឹង

ការហាត់ប្រាណមិនទៀងទាត់ប្រហែលជាធ្វើឲ្យឆ្អឹងកាន់តែចុះខ្សោយ ប្រឈមកាន់តែខ្ពស់នឹងការបាក់ឆ្អឹងនៅពេលអ្នកអាយុកាន់តែច្រើន។ គ្រូពេទ្យនិយាយថា ការដែលមានការហាត់ប្រាណច្រើន ជាពិសេសធ្វើចលនាសន្លាក់ (ការដើរ រត់ រាំ ។ល។) គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង