យោងទៅតាមការសិក្សាបានឲ្យដឹងថា អាកាសធាតុកាន់តែត្រជាក់ប្រហែលជាកាន់តែប្រឈមនឹងជំងឺគាំងបេះដូងកាន់តែខ្លាំងដែរ។ អ្នកស្រាវជ្រាវជាច្រើនក្នុងប្រទេសតៃវ៉ាន់ បានរកឃើញថា អត្រានៃការកើតជំងឺគាំងបេះដូងមានការឡើងចុះៗមិនទៀងទៀតឡើយ ជាមួយនឹងការកើនឡើងច្រើនក្នុងរដូវរងារជាងរដូវក្តៅ។ នៅពេលសីតុណ្ហភាពចុះមកទាបជាង ១៥អង្សារ ជំងឺគាំងបេះដូងបានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។

វេជ្ជបណ្ឌិត Po-Jui Wu អ្នកដឹកនាំការសិក្សា និងជាអ្នកជំនាញខាងជំងឺបេះដូងដែរនោះបាននិយាយថា នៅពេលសីតុណ្ហភាពធ្លាក់ចុះ អ្នកដែលប្រឈមខ្ពស់នឹងជំងឺគាំងបេះដូងស្រាប់គួរតែយកចិត្តទុកដាក់ទៅលើរោគសញ្ញាដូចជា ឈឺដើមទ្រូង និងពិបាកដកដង្ហើមឲ្យបានច្រើន។

សម្រាប់ការសិក្សានេះ អ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើកំណត់ត្រាសុខភាពរបស់អ្នកជំងឺគាំងបេះដូងជនជាតិតៃវ៉ាន់ច្រើនជាង ៤០៥០០នាក់ ចាប់ពីឆ្នាំ ២០០៨ ដល់២០១១។ អ្នកស្រាវជ្រាវបានរកឃើញថា កាលណាអាកាសធាតុកាន់តែត្រជាក់ បូករួមនឹងខ្យល់បក់ខ្លាំងទៀតនោះ វាកាន់តែធ្វើឲ្យប្រឈមនឹងជំងឺគាំងបេះដូងកាន់តែខ្លាំងនៅថ្ងៃបន្ទាប់។ យ៉ាងណាមិញ ការសិក្សាមិនអាចអះអាងទៅលើមូលហេតុ និងឥទ្ធិពលរបស់វាបានឡើយ។ ប៉ុន្តែ អ្នកស្រាវជ្រាវបានផ្តល់ដំបូន្មានជាសុខភាពសាធារណៈថា ត្រូវមានការពិនិត្យរកមើលអ្នកជំងឺដែលប្រឈមខ្ពស់ តាមរយៈការផ្ញើរសារតាមទូរស័ព្ទនៅពេលការប្រែប្រួលអាកាសធាតុនឹងកើតឡើង។

អ្នកដែលប្រឈមខ្ពស់នឹងជំងឺគាំងបេះដូងរួមមាន អ្នកដែលធ្លាប់មានជំងឺគាំងបេះដូង មនុស្សចាស់ ឬអ្នកដែលមានកត្តាប្រឈមមុខដូចជា ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជក់បារី ធាត់ជ្រុល និងរស់នៅបែបស៊ីដេកៗ។ ជំងឺគាំងបេះដូងអាចធ្វើឲ្យមនុស្សយើងស្លាប់ភ្លាមៗ ដូច្នេះ វាគឺជារឿងដ៏សំខាន់ដែលត្រូវស្វែងរកជំនួយខាងផ្នែកវេជ្ជសាស្រ្តភ្លាមៗនៅពេលរោគសញ្ញាកើតមាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង