កែងជើងស្ងួតប្រេះជាសញ្ញាមួយនៃការថែទាំប្រអប់ជើងមិនបានត្រឹមត្រូវ។ បាតជើងរបស់ជើង គឺងាយនឹងស្ងួត ហើយប្រេះណាស់ដោយសារកង្វះនៃក្រពេញប្រេងក្នុងផ្នែកនេះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) បញ្ហាប្រេះកែងជើងក៏អាចបណ្ដាលមកពីកង្វះជាតិសំណើម ស្ថានភាពសុខភាព (ដូចជាអ្នកជំងឺទឹកនោមផ្អែម, អ្នកដែលជួបប្រទះបញ្ហាកង្វះជាតិស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៣) និងការប៉ះពាល់ដោយផ្ទាល់ជ្រុលពេក។ ការប្រេះកែងជើងមិនត្រឹមតែបង្កការខូចខាតដល់ស្បែកនៃប្រអប់ជើងប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះក៏បណ្ដាលឱ្យរមាស់ ឈឺចាប់ ឡើងក្រហម និងរលាកផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភពេក! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាប្រេះកែងជើង ៖
១. ម្សៅអង្ករ
ប្រើប្រាស់ម្សៅអង្ករម៉ដ្ឋចំនួនសមល្មមលាយជាមួយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ហើយកូរឱ្យសព្វរហូតក្លាយជាល្បាយខាប់ក្រាស់។ ប្រសិនបើកែងជើងដែលប្រេះមានការឈឺចាប់ ចូរបន្ថែមប្រេងអូលីវចំនួនសមល្មមក្នុងល្បាយ។ ត្រាំជើងនៅក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេល ១០ នាទី សឹមលើកជើងចេញពីធុងទឹក ហើយប្រើក្រណាត់ទន់ស្អាតផ្ដិតថ្នមៗឱ្យស្ងួត។ បន្ទាប់មកចាប់ផ្ដើមម៉ាស្សាដុសកែងជើងជាមួយល្បាយនៃម្ស៉ៅអង្ករ សម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តរាល់ថ្ងៃរហូតដល់ទទួលបានលទ្ធផលគាប់ចិត្ត។ រូបមន្តនេះជួយព្យាបាលស្នាមប្រេះនៃកែងជើងតាមរយៈការខាត់ស្បែក និងកម្ចាត់កោសិកាស្បែកដែលងាប់ៗបង្កការប្រេះចេញ។
២. ក្រូចឆ្មារ
ជាតិអាស៊ីតនៃក្រូចឆ្មារអាចជួយធ្វើឱ្យស្បែកទន់ និងកាត់បន្ថយការប្រេះកែងជើង។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រាំប្រអប់ជើងក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេល ១៥ នាទី ឬលើសនេះ។ បន្ថែមទឹកក្រូចឆ្មារស្រស់ចូលក្នុងទឹក ហើយដុសក្រូចលើបាត់ជើងដើម្បីខាត់ស្បែក។ អ្នកអាចប្រើប្រាស់ថ្មខាត់ជំនួសផ្លែក្រូចដើម្បីកម្ចាត់កោសិកាស្បែកងាប់ៗ។
៣. ទឹកខ្ពុរមាត់
ទឹកខ្ពុរមាត់អាចបន្ទន់ស្បែកងាប់ៗលើកែងជើងនិងធ្វើឱ្យស្រួលដុសខាត់ចេញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ពុរមាត់ ១ ពែងជាមួយទឹកខ្មេះពណ៌ស ១ ពែង និងទឹកធម្មតា ២ ពែង ចូលគ្នា។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងល្បាយសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ បន្ទាប់មកប្រើប្រាស់ថ្មខាត់ដុសសម្អាតកែងជើងថ្នមៗ។ លាងសម្អាតជើងចេញជាមួយទឹកក្ដៅឧណ្ហៗនិងប្រើកន្សែងស្អាតជូតផ្ដិតជើងឱ្យស្ងួត សឹមលាបផលិតផលផ្ដល់សំណើមជាការស្រេច។
៤. ចេក
កិនផ្លែចេកទុំ ២ ផ្លែឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ។ ដុសល្បាយលើកែងជើង ឬអាចលាបពេញប្រអប់ជើង។ បន្ទាប់មកទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតជើងចេញជាមួយទឹកស្អាត។ អនុវត្តឱ្យបានរាល់យប់មុនពេលចូលគេងសម្រាប់រយៈពេល ២ សប្តាហ៍ ឬរហូតដល់អ្នកគាប់ចិត្តនឹងលទ្ធផល។
៥. ទឹកឃ្មុំ
បន្ថែមទឹកឃ្មុំ ១ ពែងក្នុងទឹកក្ដៅឧណ្ហៗបរិមាណសមល្មម។ កូរឱ្យសព្វ សឹមត្រាំជើងជាមួយទឹកល្បាយនិងម៉ាស្សាថ្នមៗសម្រាប់រយៈពេល ២០ នាទី។ ខាត់ស្បែកកែងជើងថ្មៗដោយប្រើប្រាស់ថ្មខាត់។ លាងសម្អាតជើងចេញជាមួយទឹកស្អាត ជូតឱ្យស្ងួត សឹមប្រើប្រាស់ផលិតផលផ្ដល់សំណើមជាការស្រេច។ អនុវត្តជាប្រចាំមុនពេលចូលគេង៕