ទោះបីជាម្រះមានរសជាតិល្វីង ប៉ុន្តែបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ថាតើបន្លែល្វីងនេះផ្ដល់ផលល្អៗអ្វីខ្លះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមទទួលទានម្រះ ៖

១. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

នេះក៏ព្រោះតែម្រះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុ Triterpenoids សារធាតុ Polyphenols និងសារធាតុ Flavonoids ដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីក។ បន្លែល្វីងនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ព្រមទាំងកោសិកាមហារីកផងដែរ។

២. ជួយឱ្យស្រកទម្ងន់

នេះក៏ព្រោះតែជាតិល្វីងអាចជួយបំបាត់អាការៈឃ្លានអាហារផ្អែមដែលល្អណាស់សម្រាប់អ្នកកំពុងព្យាយាមសម្រកទម្ងន់។ លើសពីនេះទៅទៀតម្រះមានផ្ទុកលក្ខណៈសម្បត្តិកាត់បន្ថយចំណង់អាហារកម្រិតស្រាលផងដែរ។ ការរួមផ្សំគ្នារវាងការរួមបញ្ចូលម្រះក្នុងរបបអាហារប្រចាំថ្ងៃ ការទទួលទានអាហារមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំអ្នកនឹងអាចស្រកទម្ងន់បានយ៉ាងប្រសើរ ហើយមានសុវត្ថិភាព។

៣. បញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អ

ម្រះក៏មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយផងដែរ។ ដូច្នេះហើយការទទួលទានម្រះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលនិងគាំងបេះដូង។ វាក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាកម្រិតនៃសម្ពាធឈាមផងដែរ។

៤. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

តើអ្នកមានជំងឺទឹកនោមផ្អែម ឬកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះមែនទេ? ប្រសិនបើអ្នកកំពុងប្រឈមមុខជាមួយហានិភ័យនៃបញ្ហាសុខភាពមួយនេះ ចូរព្យាយាមម្រះជាប្រចាំ។ នោះក៏ព្រោះតែម្រះមានប្រសិទ្ធិភាពអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមមិនអោយឡើងខ្ពស់បានយ៉ាងប្រសើរ។

៥. ជួយឱ្យការស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយកាន់តែមានលក្ខណៈប្រសើរឡើង

នេះក៏ព្រោះតែភាពល្វីងនៃម្រះល្អណាស់ក្នុងការរក្សាសុខភាពក្រពះ ថ្លើម ប្រមាត់ និងលំពែង។ ជាលទ្ធផលដំណើរការនៃការដុតរំលាយអាហារ ព្រមទាំងការស្រូបយកសារធាតុចិញ្ចឹមនឹងមានលក្ខណៈកាន់តែប្រសើរឡើង។ រាងកាយត្រូវការសារធាតុចិញ្ចឹមចាំបាច់គ្រប់គ្រាន់តាមតម្រូវការដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ។

៦. បន្សាបកម្ចាត់ជាតិពុលចេញពីរាងកាយ

បន្លែដែលមានរសជាតិល្វីងនេះនៅពេលទទួលទានជាប្រចាំនឹងមានសមត្ថភាពអាចកម្ចាត់ជាតិពុលដែលប្រមូលផ្ដុំក្នុងរាងកាយបានប្រកបដោយប្រសិទ្ធិភាពខ្ពស់គួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត កាទទួលទានម្រះ គឺមានអត្ថប្រយោជន៍កាន់តែពិសេសទៅទៀតសម្រាប់អ្នកដែលកំពុងព្យាយាមផ្ដាច់បារី ខណៈដែលវាអាចជួយសម្រួលដល់ការកម្ចាត់ជាតិពុលផ្សេងៗពីបារី។

៧. បង្កើនការរំលាយអាហារ

ទឹកម្រះស្រស់មានផ្ទុកសម្បូរទៅដោយជាតិសសៃ dietary ដែលសម្រួលដល់ដំណើរការនៃការរំលាយអាហារអោយកាន់តែមានលក្ខណៈប្រសើរឡើង និងទប់ស្កាត់បញ្ហាទល់លាមក។ ដូច្នេះចូរព្យាយាមទទួលទានទឹកម្រះស្រស់មួយកែវជាប្រចាំ។

៨. ពង្រឹងសុខភាពពោះវៀន

មូលហេតុមួយបន្ថែមទៀតដែលអ្នកគួរទទួលទានម្រះ គឺដោយសារវាមានអត្ថប្រយោជន៍ណាស់ចំពោះសុខភាពពោះវៀនតាមរយៈការបង្កើនបរិមាណនៃបាក់តេរីល្អៗ៕