របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាលលើតម្រងនោម ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាតម្រងនោមណាមួយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះដែលអ្នកកំពុងមានបញ្ហាតម្រងនោមគួរប្រយ័ត្នក្នុងការទទួលទាន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ផ្លែបឺរ
ទោះបីជាផ្លែបឺរមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមគុណភាពខ្ពស់ ប៉ុន្តែការទទួលទានច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសប្រសិនបើអ្នកកំពុងមានជំងឺតម្រងនោមណាមួយស្រាប់។ នេះក៏ព្រោះតែផ្លែបឺរមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម។ ទោះបីជារាងកាយត្រូវការជាតិរ៉ែនេះចាំបាច់ ប៉ុន្តែប្រសិនបើវាកើនឡើងលើសកម្រិតពេកក្នុងឈាមក៏អាចបង្កជាបញ្ហាធ្ងន់ធ្ងរមួយចំនួនផងដែរ។
២. សាច់
រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។ របបអាហារដែលមានផ្ទុកប្រូតេអ៊ីនចេញពីសាច់សត្វខ្ពស់ក៏អាចបង្កើនហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោមផងដែរដោយសាច់ជម្រុញការផលិតអាស៊ីតអ៊ុយរិក។ អ្នកគួរព្យាយាមទទួលទានបន្លែនិងគ្រាប់ធញ្ញជាតិដើម្បីទទួលបានប្រូតេអ៊ីនដែលរាងកាយត្រូវការ។
៣. អំបិល ឬអាហារប្រៃ
របបអាហារមានសុខភាពល្អមួយ គឺមានផ្ទុកសូដ្យូម ឬអំបិលមិនលើសពី ២៣០០ មីលីក្រាម ឬប្រហែល ១ ស្លាបព្រាកាហ្វេប៉ុណ្ណោះ។ ប្រសិនបើអ្នកទទួលទានអាហារប្រៃ ឬអំបិលច្រើនពេក តម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតាដើម្បីកម្ចាត់ជាតិសូដ្យូមដែលលើស។ ជាលទ្ធផលយូរទៅតម្រងនោមនឹងចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវបង្កហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់។
៤. ចេក
ប្រសិនបើអ្នកសង្ស័យថាខ្លួនឯងកំពុងមានបញ្ហាតម្រងនោម ចូរព្យាយាមរក្សារបបអាហារត្រឹមត្រូវមួយ។ ហើយនេះមានន័យថាការកម្រិតការទទួលទានអាហារមួយចំនួនដូចជា ចេក ចាំបាច់ត្រូវធ្វើឡើងដោយផ្លែឈើនេះមានផ្ទុកប៉ូតាស្យូមខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមកំពុងមានបញ្ហា។ មនុស្សពេញវ័យមានសុខភាពល្អគួរទទួលទានប៉ូតាស្យូមចេញពីអាហារផ្សេងៗត្រឹមពី ៣៥០០ ទៅ ៤៧០០ មីលីក្រាមប៉ុណ្ណោះ។ ចេកទំហំមធ្យមមួយផ្លែទម្ងន់ត្រឹម ១៥០ ក្រាមមានផ្ទុកប៉ូតាស្យូមដល់ទៅ ៥៣៧ មីលីក្រាមទៅហើយ។ ប៉ុន្តែប្រសិនបើអ្នកកំពុងជួបប្រទះជំងឺតម្រងនោមណាមួយ ការទទួលទានប៉ូតាស្យូមគួរត្រូវបានកាត់បន្ថយដោយរាងកាយមិនអាចមានសមត្ថភាពពេញលេញក្នុងការច្រោះចំណែកលើសចេញដែលបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។
៥. ក្រូចនិងទឹកក្រូចស្រស់
ក្រូចនិងទឹកក្រូចស្រស់មានផ្ទុកកាឡូរីទាប ប៉ុន្តែវីតាមីន C និងប៉ូតាស្យូមខ្ពស់។ ក្រូចទំហំកណ្ដាលមួយផ្លែមានផ្ទុកប៉ូតាស្យូមដល់ទៅ ២៤០ មីលីក្រាម ហើយទឹកក្រូចស្រស់ ១ ពែងមានផ្ទុកប៉ូតាស្យូមប្រហែល ៤៧០ មីលីក្រាម។ ដូច្នេះការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់គួរត្រូវបានកម្រិត ជាពិសេសប្រសិនបើអ្នកកំពុងមានបញ្ហាតម្រងនោមដែលមិនអាចដំណើរការមុខងារបានប្រក្រតី។ ប្រសិនបើតម្រងនោមមិនអាចកម្ចាត់ជាតិប៉ូតាស្យូមដែលលើសចេញពីក្នុងឈាមទេនោះវាអាចនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ដល់រាងកាយ៕