ភាគច្រើននៃពួកយើងសុទ្ធតែដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃយ៉ាអួរចំពោះសុខភាព ប៉ុន្តែប្រហែលមិនធ្លាប់ចាប់អារម្មណ៍ពីផលល្អៗនៃយ៉ាអួរចំពោះសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើយ៉ាអួរល្អយ៉ាងណាខ្លះចំពោះសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់យ៉ាអួរថែសម្រស់ ៖

១. សម្រាប់ដោះស្រាយបញ្ហាស្បែកស្ងួត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាយ៉ាអួរស្រស់ៗលើស្បែកសម្រាប់រយៈពេលប្រហែល ១ ឬ ២ នាទី ហើយទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទីសឹមងូតទឹកសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំ។

២. សម្រាប់ជួយឱ្យស្បែកភ្លឹរលោងមានសុខភាពល្អ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅកាកាវ ១ ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ និងយ៉ាអួរ ៤ ស្លាបព្រាបាយ ចូលគ្នាឱ្យសព្វ។ លាបម៉ាស្សាល្បាយលើផ្ទៃមុខដែលលាងសម្អាតស្អាតនិងទុកចោលសម្រាប់រយៈពេលប្រហែល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ម៉ាសបិតមុខនេះនឹងជួយផ្ដល់សំណើមដល់ស្បែក កម្ចាត់ភាពនឿយហត់ និងស្រអាប់។ អ្នកអាចអនុវត្ត ២ ដងក្នុងមួយសប្តាហ៍។

៣. កម្ចាត់មុនក្បាលខ្មៅនិងមុនក្បាលស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរជាមួយម្សៅអង្ករក្នុងបរិមាណស្មើគ្នាឱ្យក្លាយជាល្បាយខាប់មួយ។ លាបម៉ាស្សាល្បាយត្រង់កន្លែងដែលមានបញ្ហាក្នុងចលនាបែបរង្វង់យឺតៗ និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

៤. បំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែក

លាបយ៉ាអួរមួយស្រទាប់ស្ដើងក្រោមភ្នែក និងទុកចោលសម្រាប់រយៈពេលប្រហែល ១៥ នាទី ដើម្បីបំបាត់បញ្ហាស្នាមខ្មៅក្រោមរង្វង់ភ្នែក។ អ្នកអាចអនុវត្តរាល់ថ្ងៃសម្រាប់រយៈពេល ១ សប្តាហ៍។

៥. សម្រាប់ដោះស្រាយបញ្ហាសក់បែកចុង

យ៉ាអួរអាចជួយបន្ថយបញ្ហាសក់បែកចុងនិងទប់ស្កាត់ការខូចខាតដែលបណ្ដាលមកពីការបែកចុងនេះផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបយ៉ាអួរក្នុងបរិមាណសមល្មមលើចុងសក់និងទុកចោលសម្រាប់រយៈពេលប្រហែលពី ១៥ ទៅ ៣០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។

ចំណាំ៖ អ្នកគួរជ្រើសរើសប្រើប្រាស់យ៉ាអួរសុទ្ធ ឬគ្មានជាតិស្ករ៕