ចង់ឱ្យក្រចកមានសភាពរលោងស្អាតមានសុខភាពល្អមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យក្រចកមានសភាពរឹងមាំប្រសើរ ៖

១. ប៉េងប៉ោះ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប៉េងប៉ោះស្រស់នៅពេលព្រឹក ឬរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃជាការស្រេច។ ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន A វីតាមីន C និងបាយអូទីនដែលចាំបាច់សម្រាប់រក្សាសុខភាពក្រចកល្អប្រសើរ។

២. ប្រេងអូលីវ

ដើម្បីឱ្យក្រចកមានសភាពរឹងមាំ អ្នកអាចត្រាំក្រចកក្នុងប្រេងអូលីវសម្រាប់រយៈពេលប្រហែល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេល ១ ខែពេញ។

៣. ទឹកក្រូចស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំក្រចកក្នុងទឹកក្រូចស្រស់សម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ បន្ទាប់មកលាបដៃជាមួយផលិតផលផ្ដល់សំណើមជាការស្រេច។

៤. ប្រេងដើមតែនិងវីតាមីន E

លាយប្រេងដើមតែពី ២ ទៅ ៣ ដំណក់ជាមួយវីតាមីន E មួយគ្រាប់។ កូរឱ្យសព្វ សឹមលាបល្បាយលើក្រចកជាការស្រេច។

៥. ទឹកខ្មេះផ្លែប៉ោម

រូបមន្តនេះសាកសមសម្រាប់ព្យាបាលក្រចកដែលឆ្លងមេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ ត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលប្រហែល ៣០ នាទី។

៦. ស្រាបៀរ

លាយស្រាបៀរ ២ ភាគជាមួយទឹកខ្មេះផ្លែប៉ោម ១ ភាគ និងប្រេងអូលីវក្ដៅឧណ្ហៗ ១ ភាគ។ កូរឱ្យសព្វ សឹមត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញ និងអនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍៕