គ្មាននរណាចង់ឱ្យសក់ខ្លួនឯងជ្រុះច្រើនមិនឈប់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហានេះបណ្ដាលមកពីអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងទម្លាប់មួយចំនួនដែលអាចបង្កបញ្ហាជ្រុះសក់ ៖
១. កង្វះវីតាមីន E
ប្រសិនបើសក់របស់អ្នកហាក់ដូចជាស្ដើងទៅៗ ចូរព្យាយាមរួមបញ្ចូលអាហារសម្បូរវីតាមីន E ក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នេះក៏ព្រោះតែភាពរឹងមាំនៃឬសសក់ គឺអាស្រ័យលើវីតាមីន E ដែលជួយរក្សាសុខភាពស្បែកក្បាលល្អប្រសើរ។
២. ស្ត្រេសសឹងតែជាប្រចាំ
ភាពស្ត្រេសរ៉ាំរ៉ៃក៏ជះឥទ្ធិពលដល់សុខភាពសក់បណ្ដាលឱ្យជ្រុះច្រើនមិនឈប់ផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមបន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់អ្នក។
៣. អ័រម៉ូន estrogen ឡើងខ្ពស់
អាការៈមួយទៀតដែលរាងកាយព្យាយាមបង្ហាញឱ្យដឹងនៅពេលអ័រម៉ូន estrogen កំពុងឡើងខ្ពស់ គឺជ្រុះសក់។ អ្នកនឹងសម្គាល់ឃើញថាសក់ហាក់ដូចជាជ្រុះខ្លាំងខុសធម្មតានៅពេលអ័រម៉ូន estrogen ឡើងខ្ពស់។
៤. ការងូតទឹកក្ដៅ
ការងូតទឹកក្ដៅមិនល្អសម្រាប់សក់ឡើយដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាមិនខាន។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក!
៥. ការលេងម៉ូដសក់ដោយប្រើម៉ាស៊ីន
ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ កៀបសក់ និងមួលរួញអាចបណ្ដាលឱ្យសក់ទទួលរងការខូចខាតបានយ៉ាងងាយ។ ដូច្នេះប្រសិនបើមិនចង់ឱ្យសក់ជ្រុះច្រើន ហើយបែកចុងទេនោះ កុំលេងស្ទាយសក់ដោយប្រើប្រាស់ម៉ាស៊ីនកម្ដៅញឹកញាប់ពេក។
៦. រំលងម៉ោងអាហារ
រំលងម៉ោងអាហារ ឬមិនទទួលទានអាហារព្រោះចង់បានរាងស្លីមស្គមស្អាតឬ? ធ្លាប់ដឹងទេថាមិនត្រឹមតែរាងកាយរបស់អ្នកប៉ុណ្ណោះទេដែលស្គម ប៉ុន្តែសក់ក៏ប្រែជាស្ដើងដូចគ្នាដែរ! នោះក៏ព្រោះឬសនៃសក់មិនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ និងដំណើរការមុខងារបានត្រឹមត្រូវ។ ដូច្នេះជំនួសឱ្យការរំលងមិនទទួលទានអាហារច្រើនព្រោះចង់ស្លីម ចូរជ្រើសរើសរបបអាហារមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលសក់និងស្បែកក្បាលត្រូវការ។
៧. ការប្រើប្រាស់ផលិតផលថែរក្សាសក់មានផ្ទុកសារធាតុគីមី
ការប្រើប្រាស់ផលិតផលសម្បូរទៅដោយសារធាតុគីមីមិនត្រឹមតែប៉ះពាល់ដល់ស្បែកក្បាល និងសក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពផងដែរ! ដូច្នេះដើម្បីជាការប្រសើរ ចូរប្រើប្រាស់ ឬទិញនូវផលិតផលថែរក្សាសក់ប្រភេទណាដែលផ្សំឡើងពីរូបមន្ត និងគ្រឿងផ្សំបែបធម្មជាតិ។
៨. កង្វះប្រូតេអ៊ីន
កង្វះប្រូតេអ៊ីនក៏អាចបណ្ដាលឱ្យសក់ជ្រុះផងដែរ។ នោះក៏ព្រោះតែសក់ត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន។ ដូច្នេះសក់ត្រូវការប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីលូតលាស់មានសុខភាពល្អ៕