បញ្ហាស្ទះសសៃឈាមអាចបង្កើនហានិភ័យនៃជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមបញ្ចូលទាំងជំងឺស្ទះសសៃឈាមបេះដូង ​​​និងជំងឺដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះហើយទើបអ្នកមិនគួរមើលរំលងបញ្ហានេះឡើយ! បញ្ហាស្ទះសសៃឈាមជាញឹកញយបណ្ដាលមកពីរបៀបនៃការរស់នៅមិនត្រឹមត្រូវដោយសារកង្វះសកម្មភាពរាងកាយ និងរបបអាហារគ្មានសុខភាពល្អ។ ជាតិខ្លាញ់ និងកូឡេស្តេរ៉ូលអាចកកើតឡើងនៅក្នុងសសៃឈាមដែលបណ្ដាលឱ្យសសៃឈាមរួមតូចកកស្ទះបង្កជាជំងឺស្ទះសសៃឈាមដែលនឹងកាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាមអាកទែ។ ប៉ុន្តែកុំបារម្ភ! អាហារមួយចំនួនមានប្រសិទ្ធភាពលាងសម្អាតសសៃឈាមបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖

១. សណ្ដែក

មានផ្ទុកសម្បូរទៅដោយជាតិសសៃជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ហើយថែមទាំងធ្វើឱ្យសសៃឈាមកាន់តែយឺតអាចបន្ថយសម្ពាធឈាមបានយ៉ាងប្រសើរ។ សណ្ដែកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

២. ផ្លែទទឹម

អាហារមួយប្រភេទទៀតដែលអាចការពារសសៃឈាមមិនឱ្យស្ទះបាន គឺផ្លែទទឹម។ ផ្លែឈើនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលបង្កផលប៉ះពាល់ផ្សេងៗក្នុងរាងកាយ។ លើសពីនេះទៅទៀតទទឹមក៏អាចបន្ថយបរិមាណនៃស្រទាប់ខ្លាញ់ដែលជាប់នឹងសសៃឈាមផងដែរ។

៣. ត្រីសម្បូរខ្លាញ់

មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមិនត្រឹមតែល្អចំពោះសុខភាពខួរក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយប្រឆាំងការរលាកដែលប្រសើរសម្រាប់បេះដូងផងដែរ។ ការទទួលទានត្រីប្រភេទនេះអោយបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍អាចជួយសម្អាតសសៃឈាមទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

៤. បន្លែបៃតង

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងជាតិសសៃដែលជួយសម្អាត ក៏ដូចជារក្សាសុខភាពសសៃឈាមតាមរយៈការគ្រប់គ្រងសម្ពាធឈាម ព្រមទាំងកម្រិតនៃកូឡេស្តេរ៉ូលឱ្យស្ថិតនៅក្នុងភាពប្រក្រតី។

៥. ផ្កាខាត់ណាខៀវ

មិនត្រឹមតែមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែសមាសធាតុ sulforaphane ក្នុងផ្កាខាត់ណាខៀវថែមទាំងទប់ស្កាត់បញ្ហាស្ទះសសៃឈាមទៀតផង។

៦. ផ្លែបឺរ

ទោះបីផ្លែបឺរមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិតជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើងដោយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាមអាចជួយបំបាត់ការស្ទះក្នុងសសៃឈាម។ ផ្លែបឺរ​ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃជាប្រចាំដើម្បីជៀសផុតពីបញ្ហាស្ទះសសៃឈាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង