ធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាពេលខ្លះក្នុងមាត់មានរសជាតិដូចលោហៈ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាចម្បងៗនៃបញ្ហារសជាតិដូចលោហៈក្នុងមាត់ ៖
១. ច្រាលទឹកអាស៊ីតក្រពះ
ក្រៅពីអាចបង្កអាការៈក្រហាយទ្រូងហើយនោះ ការច្រាលទឹកអាស៊ីតក្រពះក៏បណ្ដាលឱ្យក្នុងមាត់មានរសជាតិដូចលោហៈផងដែរ។ វាប្រាកដណាស់់ដែលបញ្ហាច្រាលអាស៊ីតក្រពះជាកត្តាចម្បងប្រសិនបើរសជាតិដូចលោហៈក្នុងមាត់លេចឡើងក្រោយពេលទទួលទានអាហារនិងភេសជ្ជៈមួយចំនួនដូចជា អាហារមានជាតិអាស៊ីត អាហារហឹរ សម្បូរខ្លាញ់ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ ភេសជ្ជៈកាហ្វេអ៊ីន ភេសជ្ជៈកាបូណាត និងគ្រឿងស្រវឹង។
២. ការជក់បារី
ក្រៅពីបង្កជំងឺសាហាវៗដូចជាជំងឺមហារីកសួតនិងជំងឺបេះដូងហើយនោះ ការជក់បារីក៏ជាកត្តាចម្បងបំផុតមួយនៃការលេចឡើងនូវរសជាតិលោហៈក្នុងមាត់ផងគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការជក់បារីអាចបង្កការខូចខាតដល់ពកល្អិតៗដឹងរសជាតិលើអណ្ដាតដែលជាលទ្ធផលជះឥទ្ធិពលលើការដឹងរសជាតិរបស់អ្នក។
៣. ការមានផ្ទៃពោះ
នៅពេលមានផ្ទៃពោះអ័រម៉ូនក្នុងរាងកាយប្រាកដជាមានការប្រែប្រួលដែលនាំឱ្យអ្នកមានភាពផ្លាស់ប្ដូរច្រើន។ វាអាចបណ្ដាលឱ្យអ្នកស្អប់អាហារដែលធ្លាប់តែចូលចិត្តទទួលទាន ឬចូលចិត្តអាហារដែលធ្លាប់តែស្អប់មិនចេះទទួលទាន។ ពេលខ្លះវាក៏អាចបណ្ដាលឱ្យក្នុងមាត់មានរសជាតិជូរ ឬដូចលោហៈ សូម្បីតែនៅពេលអ្នកមិនបានទទួលទានអ្វីសោះ។
៤. កង្វះអនាម័យមាត់ធ្មេញ
អនាម័យមាត់ធ្មេញមិនល្អអាចបណ្ដាលឱ្យក្លិនខ្យល់ដង្ហើម សុខភាពធ្មេញ និងអញ្ចាញទទួលរងផលប៉ះពាល់គួរឱ្យព្រួយបារម្ភ។ ហើយជំងឺអញ្ចាញធ្មេញអាចបណ្ដាលឱ្យក្នុងមាត់មានរសជាតិដូចលោហៈ។
៥. ការទទួលទានថ្នាំ ឬវីតាមីនចម្រុះ
ផលប៉ះពាល់នៃឱសថមួយចំនួនរួមបញ្ចូលទាំងថ្នាំអង់ទីប៊ីយោទិក និងថ្នាំដែលពាក់ព័ន្ធបញ្ហាបេះដូង គឺច្រើនតែបណ្ដាលឱ្យក្នុងមាត់មានរសជាតិដូចលោហៈ។ ទោះជាយ៉ាងណាអ្នកមិនគួរឈប់ទទួលទានថ្នាំទាំងនោះតាមតែចិត្តឯងឡើយ ប៉ុន្តែត្រូវប្រាប់រោគសញ្ញាដែលលេចឡើងទៅកាន់អ្នកដែលចេញវេជ្ជបញ្ជាថ្នាំ។ រីឯវីតាមីនចម្រុះមួយចំនួនដែលមានផ្ទុកជាតិដែក ទង់ដែង ស័ង្កសី និង chromium សុទ្ធតែអាចបង្ករសជាតិដូចលោហៈក្នុងមាត់នៅពេលប្រើប្រាស់៕