តើនឹងមានអ្វីកើតឡើងចំពោះសុខភាពរាងកាយនៅពេលអ្នកទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗលាយរមៀត? ប្រសិនបើអ្នករួមបញ្ចូលគ្នារវាងទឹកក្រូចឆ្មារក្ដៅឧណ្ហៗជាមួយរមៀតនោះអ្នកនឹងទទួលទានភេសជ្ជៈដ៏ពិសេសមួយដែលអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C វីតាមីន B ជាតិដែក កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម សារធាតុប្រឆាំងអុកស៊ីតកម្ម អង់ស៊ីម និងជាតិសសៃចាំបាច់។ ដើម្បីកាន់តែប្រសើរអ្នកអាចបន្ថែមម្ស៉ៅរមៀតចូលក្នុងទឹកក្រូចឆ្មារ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃភេសជ្ជៈនេះចំពោះរាងកាយ រួមជាមួយរបៀបធ្វើ ​៖

១. សម្រាលអាការៈឈឺចាប់និងហើមសន្លាក់

ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗលាយម្សៅរមៀត ១ ពែងរាល់ព្រឹកអាចជួយដោះស្រាយបញ្ហាឈឺហើមសន្លាក់បានយ៉ាងប្រសើរ។ នេះក៏ព្រោះតែរមៀតមានផ្ទុកនូវសារធាតុ curcumin  ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមផងដែរ។

២. បង្កើនការរំលាយអាហារ

ការទទួលទានរមៀត ឬម្សៅរមៀតជាប្រចាំអាចជួយទប់ស្កាត់ការរលាកនៃបំពង់រំលាយអាហារ ក៏ដូចជាកាត់បន្ថយអាការៈហើម និងឡើងជាតិហ្គាសផងដែរ។ រីឯទឹកក្រូចឆ្មារវិញមានប្រសិទ្ធិភាពកម្ចាត់រាល់ជាតិពុលផ្សេងៗពីក្នុងប្រព័ន្ធរំលាយអាហារ។

៣. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

រមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។

៤. ល្អសម្រាប់សុខភាពស្បែក

រមៀត គឺប្រសើរណាស់សម្រាប់ស្បែក មិនថាអ្នកប្រើប្រាស់វាដោយផ្ទាល់លើស្បែក ឬទទួលទានក៏ដោយ។ វាជួយសម្អាត ព្រមទាំងរក្សាជាតិសំណើម ក៏ដូចជាផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកបានយ៉ាងប្រសើរ។ រីឯក្រូចឆ្មារវិញមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយរក្សាសុខភាពស្បែកល្អប្រសើរ និងថែមទាំងធ្វើឲ្យមើលទៅក្មេងជាងវ័យផងដែរ។ វីតាមីន C ដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់នូវរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វីតាមីន C ក៏ចាំបាច់សម្រាប់ការផលិតកូឡាជែន។

៥. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

សារធាតុ Curcumin ក្នុងរមៀតមានប្រសិទ្ធិភាពកាត់បន្ថយកម្ចាត់កូឡេស្តេរ៉ូលមិនល្អដែលនឹងជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូងផ្សេងៗ។

៦. ជួយឱ្យស្រកទម្ងន់

ការទទួលទាន រមៀត គឺប្រសើរណាស់សម្រាប់អ្នកដែលចង់ស្រកទម្ងន់។ វាជួយកម្ចាត់ជាតិពុលចេញពីថ្លើម និងតម្រងនោម ហើយជម្រុញការស្រូបយកនូវសារធាតុចិញ្ចឹមក្នុងបំពង់រំលាយអាហារ រួមទាំងគ្រប់គ្រងការដុតរំលាយអាហារក្នុងរាងកាយផងដែរ។

៧. បន្សាបជាតិពុលក្នុងរាងកាយ

ថ្លើមមានមុខងារកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ។ ហើយអាស៊ីតស៊ីទ្រិកក្នុងទឹកក្រូចឆ្មារជួយរាងកាយឱ្យរក្សាបាននូវកម្រិត pH ត្រឹមត្រូវសម្រាប់សុខភាពល្អ ហើយក្រូចឆ្មារក៏ជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលនឹងជួយរាងកាយបញ្ចេញជាតិពុលទៅក្រៅតាមរយៈទឹកនោមផងដែរ។ រមៀតវិញជួយជម្រុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកបដោយប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់ និងជាតិពុលចេញពីរាងកាយ។

៨. បង្កើនសមត្ថភាពថ្លើម

រមៀតនិងក្រូចឆ្មារជួយជម្រុញថ្លើមឱ្យផលិតអង់ស៊ីមកាន់តែច្រើន។ វាជួយឱ្យថ្លើមកាន់តែមានប្រសិទ្ធិភាពក្នុងការកម្ចាត់រាល់ជាតិពុល។

៩. ប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូម

ក្រៅពីវីតាមីន C ហើយនោះក្រូចឆ្មារក៏មានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូមជួយពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនថាមពល និងកាត់បន្ថយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍។ 

១០. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ វីតាមីន C ក៏មានប្រសិទ្ធិភាពទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ។ រីឯរមៀតវិញមានផ្ទុកសារធាតុ lipopolysaccharides ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។

  • របៀបធ្វើទឹកក្រូចឆ្មារលាយរមៀត

គ្រឿងផ្សំ ៖ ក្រូចឆ្មារស្រស់ ចំនួនម្ខាង ម្សៅរមៀត ចំនួនកន្លះស្លាបព្រាកាហ្វេ និងទឹកក្ដៅឧណ្ហៗ។

របៀបធ្វើ ៖ ជាដំបូងច្របាច់ក្រូចឆ្មារចូលក្នុងកែវមួយ បន្ទាប់មកបន្ថែមម្សៅរមៀត រួចសឹមចាក់ទឹកក្ដៅឧណ្ហចូល។ កូរឱ្យសព្វសឹមទទួលទាន។ ហើយដើម្បីបង្កើនរសជាតិអ្នកអាចបន្ថែមទឹកឃ្មុំបន្តិចបាន ៕