​អ្នកនឹងមានជំងឺរលាកអញ្ចាញធ្មេញហើយ ប្រសិនបើអាការៈខុសប្រក្រតីមួយចំនួនលេចឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាការៈទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងប្រសិនបើអ្នកមានជំងឺរលាកអញ្ចាញធ្មេញ ៖

១. អញ្ចាញធ្មេញប្រែជាពណ៌ស

អញ្ចាញធ្មេញតែងត្រូវប៉ះពាល់ផ្ទាល់ទៅនឹងបាក់តេរី! នេះហើយជាមូលហេតុដែលការអនុវត្តអនាម័យមាត់ធ្មេញឱ្យបានត្រឹមត្រូវទៀងទាត់ គឺសំខាន់ណាស់។ ការឆ្លងមេរោគលើអញ្ចាញធ្មេញជាអ្វីដែលទន្តពេទ្យហៅថាជំងឺរលាកអញ្ចាញធ្មេញ។ ជំងឺនេះជាអ្វីដែលអាចបណ្ដាលឱ្យអញ្ចាញធ្មេញឡើងពណ៌សដោយសារការខើចអញ្ចាញ ហើយយូរទៅវានឹងបង្កផលប៉ះពាល់ដល់ធ្មេញ ជាលិកា និងឆ្អឹងនៃមាត់។

២. ឈឺចាប់ ឬស្រៀវអញ្ចាញធ្មេញ

អញ្ចាញធ្មេញនឹងឈឺចាប់នៅរាល់ពេលអ្នកដុសសម្អាតធ្មេញ ជាពិសេសប្រសិនបើអ្នកមិនប្រើប្រាស់ច្រាសដុសធ្មេញដែលមានសសៃទន់ ឬអ្នកប្រើកម្លាំងដុសខ្លាំងៗពេក។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហារលាកអញ្ចាញធ្មេញនោះសូម្បីតែទំពារ ឬទទួលទានភេសជ្ជៈក្ដៅនិងត្រជាក់ក៏ឈឺចាប់ ហើយមានអារម្មណ៍មិនស្រួលដែរ។

៣. ហើមអញ្ចាញ

ប្រសិនបើអញ្ចាញធ្មេញរបស់អ្នកឡើងក្រហម ហើយថែមទាំងហើមទៀតនោះអ្នកអាចនឹងកំពុងជួបប្រទះបញ្ហារលាកអញ្ចាញធ្មេញមិនខាន។ វាអាចបណ្ដាលមកពីជាតិពុលដែលបាក់តេរីបានផលិតដែលបណ្ដាលឱ្យអញ្ចាញប្រែជាហើម។

៤. ហូរឈាមរាល់ពេលដុសធ្មេញ​ ឬប្រើប្រាស់ខ្សែរ៉ូតសម្អាត

ក៏ព្រោះអញ្ចាញធ្មេញរបស់អ្នកកំពុងរលាកដែលបណ្ដាលឱ្យងាយនឹងហូរឈាមរាល់ពេលដុសសម្អាតធ្មេញ ឬប្រើប្រាស់ខ្សែរ៉ូត។ ប្រសិនបើអ្នកដុសសម្អាតធ្មេញ ឬប្រើប្រាស់ខ្សែរ៉ូតថ្នមៗបំផុតហើយអញ្ចាញនៅតែហូរឈាមទៀតនោះអ្នកប្រហែលជាកើតជំងឺរលាកអញ្ចាញធ្មេញប្រាកដណាស់។

៥. ខ្យល់ដង្ហើមមានក្លិនស្អុយ

ជំងឺរលាកអញ្ចាញធ្មេញក៏អាចបណ្ដាលឱ្យក្លិនខ្យល់ដង្ហើមរបស់អ្នកប្រែជាមិនល្អខ្លាំង ឬស្អុយតែម្ដង។ វាបណ្ដាលមកពីពពួកបាក់តេរី។

៦. ពេលខ្លះអាចនឹងមានខ្ទុះ

ប្រសិនបើមានខ្ទុះលេចឡើងលើអញ្ចាញនោះវាច្បាស់ណាស់ថាអ្នកកំពុងមានជំងឺរលាកអញ្ចាញធ្មេញហើយ។

ប្រយ័ត្ន! ដើម្បីជាការប្រសើរប្រសិនបើមានអាការៈខុសប្រក្រតីណាមួយកើតឡើងចំពោះអញ្ចាញ ឬមាត់ធ្មេញរបស់អ្នក ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះនិងទទួលការពិនិត្យពីសំណាក់ពេទ្យធ្មេញជំនាញ៕