កំពុងជួបប្រទះអាការៈអស់កម្លាំងជាញឹកញយមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ជំនួសឱ្យការជ្រើសរើសទទួលទានភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ អ្នកក៏អាចដោះស្រាយបញ្ហានេះបានយ៉ាងងាយជាមួយអាហារធម្មតាៗមួយចំនួន។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលមានប្រសិទ្ធភាពដោះស្រាយបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖

១. ឪឡឹក

អ្នកអាចស្ដារថាមពលមកវិញបានយ៉ាងឆាប់រហ័សដោយគ្រាន់តែទទួលទានឪឡឹក។ នេះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយទប់ស្កាត់អាការៈខ្សោះជាតិទឹកដោះស្រាយបញ្ហាអស់កម្លាំងបានយ៉ាងប្រសើរ។ ម្យ៉ាងវិញទៀតឪឡឹកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹំមរួមបញ្ចូលទាំងសារធាតុ lycopene សារធាតុ beta-carotene ជាតិដែក ប៉ូតាស្យូម និងវីតាមីន C ដែលប្រយុទ្ធប្រឆាំងអាការៈអស់កម្លាំង។

២. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយបំលែងស្ករទៅជាថាមពល។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីននិងជាតិសសៃដែលជួយឱ្យឆ្អែតនិងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរផងដែរ។ ទោះជាយ៉ាងណាមិនត្រូវទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៣. យ៉ាអួរ

មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន កាបូអ៊ីដ្រាត និងប្រូបាយអូទិកដែលសុទ្ធតែជួយបំបាត់អាការៈអស់កម្លាំង។ ការទទួលទានយ៉ាអួរគឺល្អណាស់ ខណៈដែលរាងកាយអាចបំបែក ឬរំលាយអាហារនេះបានលឿនជាងអាហារផ្សេងទៀត។ ជាលទ្ធផលថាមពលក្នុងរាងកាយនឹងកើនឡើងឆាប់រហ័ស។

៤. គ្រាប់ល្ពៅនិងគ្រាប់ផ្កាឈូករ័ត្ន

ជាជម្រើសនៃអាហារសម្រន់ដ៏ល្អបំផុតមួយសម្រាប់អ្នកដែលឆាប់អស់កម្លាំង។ គ្រាប់ពូជទាំងពីរនេះមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់ អាស៊ីតខ្លាញ់អូមេហ្កា ៣ ព្រមទាំងវីតាមីន B1 B2 B5 និងវីតាមីន B6។ ជាតិរ៉ែសំខាន់ក្នុងគ្រាប់ល្ពៅរួមមានទង់ដែង ជាតិដែក ម៉ងកាណែស ផូស្វ័រ និងម៉ាញ៉េស្យូម។ ការរួមផ្សំគ្នារវាងវីតាមីននិងជាតិរ៉ែទាំងនេះជួយផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយពិសេសពង្រឹងប្រព័ន្ធភាពស៊ាំ បង្កើនថាមពល និងបំបាត់អាការៈអស់កម្លាំង។

៥. ចេក

ជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូមជាតិរ៉ែដែលរាងកាយត្រូវការដើម្បីបំលែងស្ករទៅជាថាមពល។ ចេកក៏មានផ្ទុកសម្បូរទៅដោយវីតាមីន B វីតាមីន C អាស៊ីតខ្លាញ់អូមេហ្កា ៣ កាបូអ៊ីដ្រាត និងជាតិសសៃដែលជួយដោះស្រាយបញ្ហាឆាប់អស់កម្លាំងគួរឱ្យកត់សម្គាល់។ ម្យ៉ាងវិញទៀតជាតិស្ករក្នុងផ្លែចេកអាចផ្ដល់ថាមពលឆាប់រហ័សដល់រាងកាយផងដែរ៕