ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យមុខរបស់អ្នកចាស់ទៅៗ។ តើមានអ្វីខ្លះទៅ?
- សព្វថ្ងៃនេះ មានបុគ្គលមួយចំនួនកើតមានជំងឺដែលទាក់ទងនឹងសរសៃឈាម ជំងឺហឺត ព្រមទាំងប្រព័ន្ធការពាររាងកាយធ្លាក់ចុះ ដោយសារតែសម្ពាធការងារកើនឡើងខ្លាំង។ នៅពេលដែលសម្ពាធអ្នកកាន់តែកើន អត្រានៃការស្លាប់គឺខ្ពស់ ថែមទាំងធ្វើឲ្យមុខអ្នកឆាប់ចាស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចេះបន្ធូលអារម្មណ៍ ទើបអាចការពារសុខភាព និងសម្រស់របស់អ្នកបានយ៉ាងល្អ។
- នៅពេលដែលអ្នកញ៉ាំទឹកមិនគ្រប់ នឹងធ្វើឲ្យស្បែកអ្នកប្រែជាស្ងួតខ្លាំង ប្រេះ ព្រមទាំងឡើងស្នាមជ្រួញផងដែរ ដោយមើលទៅចាស់ខ្លាំងណាស់។ ដូចនេះ ក្នុងមួយថ្ងៃ អ្នកគួរតែញ៉ាំទឹកឲ្យបាន២លីត្រឡើងលើ ហើយបរិភោគបន្លែ និងផ្លែឈើដែលមានផ្ទុកសារធាតុទឹកខ្ពស់ ទើបអាចធ្វើឲ្យមុខអ្នកមើលទៅក្មេងជាងវ័យ។ ជាពិសេស អ្នកគួរតែកាត់បន្ថយញ៉ាំកាហ្វេ ទើបអាចរក្សាមុខអ្នកបានស្អាត។
- ការញ៉ាំស្រាច្រើន មិនត្រឹមតែបំផ្លាញសុខភាពអ្នកទេ ថែមទាំងធ្វើឲ្យអ្នកមានស្បែកមុខដែលឆាប់ចាស់ខ្លាំង។ ដូចនេះ អ្នកគួរតែចៀសពីការញ៉ាំស្រាទាំងនេះ ដើម្បីសុវត្ថិភាពសុខភាព និងសម្រស់របស់អ្នក។
- នៅពេលដែលអ្នកតែងញីស្បែកជុំវិញភ្នែករបស់អ្នក នឹងធ្វើឲ្យស្នាមជ្រួញងាយកើតមានខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរតែងយកដៃរបស់អ្នកញីភ្នែកឡើយ ទើបអាចធ្វើឲ្យស្បែកអ្នកតឹងណែន មិនងាយជ្រួញ។
- នៅពេលដែលរាងកាយអ្នកស្រូកយកជាតិស្ករខ្ពស់ នឹងធ្វើឲ្យស្បែកមុខអ្នកងាយចាស់។ ជាពិសេស មុខអ្នកនឹងងាយឡើងមុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ជំងឺទឹកនោមផ្អែម ក៏រត់មករកអ្នកលឿនផងដែរ។
- នៅពេលដែលទម្ងន់របស់អ្នកតែងឡើងចុះមិនទៀងទាត់ ដោយមួយភ្លេតធាត់ មួយភ្លេតស្គម នឹងធ្វើឲ្យស្បែកអ្នកមិនតឹងនោះទេ។ ជាហេតុដែលធ្វើឲ្យស្បែកអ្នកមើលទៅចាស់ខ្លាំងណាស់។
- ការចូលគេងយប់ជ្រៅរាល់យប់ នឹងធ្វើឲ្យរង្វង់ភ្នែកអ្នកខ្មៅ ថែមទាំងធ្វើឲ្យស្បែកអ្នកមិនតឹង ដោយមើលទៅចាស់ជាខ្លាំង។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលប់ ទើបអាចការពារស្បែកអ្នកបានយ៉ាងល្អ។
- ប្រសិនជាអ្នកមិនលាបឡេការពារកម្តៅចេញក្រៅ ហើយស្បែកអ្នកតែងត្រូវពន្លឺថ្ងៃច្រើន នឹងធ្វើឲ្យស្បែកប្រែជាខ្មៅ ហើយស្ងួតខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកងាយឡើងស្នាមជ្រួញ គ្មានពន្លឺនោះទេ៕