នៅពេលដែលអ្នកផ្លាស់ខោទឹកនោមឱ្យកូន អ្នកត្រូវតែដឹងពីរបៀបនៃការផ្លាស់ បើពុំដូច្នោះទេ វាក៏អាចប៉ះពាល់ដល់កូនដែរ ដូចនេះតើមានរបៀបអ្វីក្នុងការផ្លាស់ឱ្យកូនដោយមានសុវត្ថិភាពនោះ?

  1. នៅពេលដែលអ្នកបកខោទឹកនោមប្រលាក់ចេញ អ្នកត្រូវតែបត់កន្លែងដែលស្អិតលើគ្នា ដើម្បីកុំឱ្យស្អិតជាប់សាច់កូន។
  2. បន្ទាប់មកអ្នកអាចទាញខោទឹកនោមផ្នែកមុខរបស់កូនចុះ ហើយបើជាកូនប្រុស អ្នកអាចយកក្រណាត់ស្អាតមួយបាំងប្រដាប់ភេទរបស់កូន ចៀសវាងកុំឱ្យគេបាញ់នោមត្រូវមុខអ្នក។
  3. ប្រសិនជាក្នុងខោទឹកនោមរបស់កូនមានលាមក អ្នកអាចយកខោទឹកនោមផ្នែកមុខយកមកជូតគូទរបស់កូនបាន ដោយជូតលាមកចេញឱ្យអស់។
  4. បន្ទាប់មកទៀត ដៃម្ខាងរបស់អ្នកត្រូវតែចាប់កជើងរបស់កូនទាំងសងខាង រួចលើកឡើងលើថ្នមៗ ហើយដៃម្ខាងទៀតបត់ខោនោះត្រួតលើគ្នា រួចទាញចេញមកដើម្បីកុំឱ្យលាមកប្រលាក់គូទរបស់កូន។
  5. អ្នកអាចយកក្រណាត់សើមមកជូតសម្អាតគូទរបស់កូនបាន បើសិនជាកូនស្រី អ្នកត្រូវជូតពីមុខទៅក្រោយ ដើម្បីកុំឱ្យឆ្លងមេរោគចូលក្នុងប្រដាប់ភេទរបស់គេ។
  6. ក្រោយពេលដែលជូតរួច អ្នកត្រូវតែទុកឱ្យគូទកូនស្ងួតសិន។
  7. ក្រោយពេលដែលស្ងួតរួច អ្នកអាចយកខោទឹកនោមដែលថ្មីដាក់ពីក្រោមគូទរបស់កូន បន្ទាប់មកទាញផ្នែកខាងលើឡើងដល់ពោះកូន។
  8. ប្រសិនជាទារកដែលទើបនឹងកើត អ្នកមិនត្រូវទាញឡើងដល់លើផ្ចិតដែលមិនទាន់ជ្រុះនោះទេ ព្រោះវាប៉ះពាល់ដល់កូនណាស់។
  9. ក្រោយពេលដែលស្លៀកឱ្យកូនរួច អ្នកត្រូវតែទាញផ្នែកកណ្តាលនៃចន្លោះជើងទាំងសងខាងរបស់កូនឱ្យត្រង់ មិនត្រូវឱ្យជ្រួញនៅចំកណ្តាលនោះទេ ព្រោះវាអាចធ្វើឱ្យរបួសស្បែករបស់កូន។
  10. អ្នកត្រូវតែបិតខោទឹកនោមទាំងសងខាងឱ្យជាប់ដើម្បីកុំឱ្យជាតិស្អិតនោះជាប់សាច់កូន ជាហេតុដែលអាចធ្វើឱ្យគេរបួស ប៉ុន្តែមិនត្រូវតឹងពេកទេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង