ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ដឹងពីអត្ថប្រយោជន៍នៃក្រូចឆ្មារចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាវាក៏អាចផ្ដល់ផលល្អៗចំពោះសុខភាពសក់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រើប្រាស់យ៉ាងដូចម្ដេចទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ក្រូចឆ្មារដោះស្រាយបញ្ហាសក់ផ្សេងៗ ៖
១. កម្ចាត់អង្គែ
អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ក្រូចឆ្មារទុំមួយផ្លែជា ២ កំណាត់ច្របាច់យកទឹក។ បន្ទាប់មកលាបទឹកក្រូចឆ្មារផ្ទាល់លើស្បែកក្បាលដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីនិងទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ មុននឹងលាបពេញលើស្បែកក្បាល អ្នកគួរប្រើប្រាស់ទឹកក្រូចឆ្មារត្រឹមតែបន្តិចទុកជាការសាកល្បងសិនដើម្បីប្រាកដថាវាមិនបង្កការរលាកដល់ស្បែក។
២. បង្កើនការលូតលាស់នៃសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ផ្លែជាមួយទឹកធម្មតាបន្តិច។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលនិងសក់ដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេល ៥ នាទី។ ទុកចោលលើស្បែកក្បាលសម្រាប់រយៈពេលពី ៨ ទៅ ១០ នាទីសឹមលាងសម្អាតចេញ ហើយកក់សក់និងប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៣. ទប់ទល់បញ្ហាសក់ឡើងប្រេងខ្លាំង
ច្របាច់ក្រូចឆ្មារ ២ ផ្លែយកទឹកលាយជាមួយទឹកធម្មតា ២ ពែងនិងទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរអោយសព្វសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ ទុកចោលសម្រាប់រយៈពេល ៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តអោយបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។
៤. ផ្ដល់សំណើមដល់សក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុត ១ គ្រាប់ជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយនិងទឹកក្រូចឆ្មារស្រស់ចំនួនម្ខាង។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកក្បាលនិងសក់ រួចទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕