ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាការទទួលទានឱ្យបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍ពិសេសៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗទាំងនោះ ៖

១.រក្សាសុខភាពស្បែកល្អប្រសើរ

ទឹកជួយក្នុងការកម្ចាត់ជាតិពុលពីក្នុងឈាមដែលជួយរក្សាសុខភាពស្បែកល្អប្រសើរ។ ក្រៅពីព្យាយាមទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ កែវភ្លាមៗក្រោយពីក្រោកពីដំណេកនៅពេលព្រឹកហើយនោះ អ្នកក៏មិនត្រូវភ្លេចទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់បន្ថែមពេញមួយថ្ងៃជាប្រចាំដែរ។

២. បង្កើនថាមពល

កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំងនិងមិនសូវសកម្មឡើយមិនថានៅកន្លែងធ្វើការ នៅផ្ទះ ឬកន្លែងហាត់ប្រាណ។ ប៉ុន្តែការទទួលទានទឹកអាចជួយឱ្យបេះដូងបូមឈាមកាន់តែមានប្រសិទ្ធភាព ហើយឈាមនឹងអាចដឹកជញ្ជូនអុកស៊ីសែននិងសារធាតុចិញ្ចឹមបានច្រើនគ្រប់គ្រាន់ទៅកាន់រាល់កោសិកា។ ជាលទ្ធផលរាងកាយនឹងទទួលបានថាមពលប្រសើរជាងមុនគួរឱ្យកត់សម្គាល់។

៣. ជួយសាច់ដុំនិងសន្លាក់

ការទទួលទានទឹកជួយទប់ស្កាត់អាការៈរមួលក្រពើនិងរក្សាភាពរអិលនៃសន្លាក់ពេញក្នុងរាងកាយ។ ធ្លាប់ដឹងទេថាឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់អាចជួយកម្ចាត់រាល់ជាតិពុលនិងទប់ស្កាត់ការឆ្លងមេរោគមិនឱ្យរីករាលដាលពេញរាងកាយ។ ជាលទ្ធផលប្រព័ន្ធភាពស៊ាំរាងកាយនឹងកាន់តែរឹងមាំឡើង ហើយអ្នកអាចចៀសផុតពីហានិភ័យនៃរោគឆ្លងជាច្រើន។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរអ្នកអាចបន្ថែមក្រូចឆ្មារប៉ុន្មានចំណិតក្នុងទឹក។

៥. កម្ចាត់និងទប់ស្កាត់ហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម

ជាធម្មតាយើងត្រូវបានណែនាំឱ្យទទួលទានទឹកពី ៦ ទៅ ៨ កែវក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលអ្នកចង់កម្ចាត់ក្រួសចេញពីតម្រងនោមនោះចូរទទួលទានឱ្យដល់ ១២ កែវទើបប្រសើរ។ បើទោះជាក្រួសត្រូវបានកម្ចាត់ចេញហើយក៏ដោយ ក៏គួរបន្តការទទួលទានទឹកច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ វិធីងាយបំផុតដើម្បីអាចដឹងថាតើរាងកាយខ្វះជាតិទឹក ឬក៏អត់នោះ គឺតាមរយៈការពិនិត្យមើលលើពណ៌នៃទឹកនោម។ ប្រសិនបើទឹកនោមមានពណ៌លឿងចាស់ ឬដិតខ្លាំង នោះបានន័យថា រាងកាយត្រូវការជាតិទឹកបន្ថែម។ ប្រសិនបើទឹកនោមមានពណ៌លឿងស្រាលនោះមានន័យថា រាងកាយរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ហើយ។

៦. គ្រប់គ្រងកាឡូរី

ភាពធាត់ជ្រុលជាកត្តាចម្បងមួយផ្សារភ្ជាប់នឹងហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើន។ ប៉ុន្តែការទទួលទានទឹកអាចជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយនិងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ហើយឆ្អែតបានយូរ។ ជាលទ្ធផលអ្នកអាចគ្រប់គ្រងកាឡូរីដោយការមិនទទួលទានច្រើនលើស។

៧. ផ្ដល់អារម្មណ៍ល្អប្រសើរ

អ្នកដែលទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ឬខ្វះជាតិទឹក្នុងរាងកាយ គឺងាយនឹងមានអារម្មណ៍ប្រែប្រួល ហើយឆាប់មួរម៉ៅណាស់។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល ហើយបង្កផលប៉ះពាល់ដលផ្នែកមួយចំនួននៃខួរក្បាលដែលទទួលខុសត្រូវលើការគ្រប់គ្រងអារម្មណ៍។

៨. ទប់ស្កាត់បញ្ហាទល់លាមក

ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ កំឡុងពេលខ្វះជាតិទឹកក្នុងរាងកាយ ពោះវៀននឹងជួយផ្ដល់ជាតិទឹកទៅផ្នែកផ្សេងៗទៀតនៃរាងកាយដើម្បីអាចដំណើរការមុខងារប្រក្រតី។ ហើយខណៈនោះកាកសំណល់នឹងធ្វើចលនាកាន់តែយឺតឆ្លងកាត់ពោះវៀននៅពេលគ្មានទឹក ឬមិនរំកិលតែម្ដង។ ជាពិសេសអាការៈទល់លាមកនឹងកើតឡើងតែម្ដង ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត។

៩. រក្សាសុខភាពប្រព័ន្ធរំលាយអាហារ

ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។

១០. រក្សាចរន្តឈាម

ទឹកជួយរក្សាចរន្តឈាមត្រឹមត្រូវ។ វាជួយក្នុងការដឹកជញ្ជូនសារធាតុចិញ្ចឹមតាមរយៈឈាមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើគ្មានទឹកគ្រប់គ្រាន់ សរីរាង្គនឹងមិនផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមត្រឹមត្រូវឡើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង