របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖

១. ទំពាំងបារាំង

មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា glutathione ដែលដើរតួនាទីសំខាន់មួយក្នុងការបន្ថយផលប៉ះពាល់នៃជំងឺជាច្រើនរួមបញ្ចូលទាំងជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺមហារីក។

២. អាហារមានផ្ទុកសម្បូរដោយជាតិសសៃ

ជាតិសសៃ គឺសំខាន់បំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ វាជួយពន្យឺតបរិមាណនៃជាតិស្ករដែលត្រូវបញ្ចេញទៅក្នុងឈាមដែលរក្សាកម្រិតនៃជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។

៣. ត្រី

ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនគ្មានខ្លាញ់និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនចំពោះអ្នកជំងឺទឹកនោមផ្អែម ក៏ដូចជាអ្នកកំពុងប្រឈមមុខនឹងហានិភ័យនៃជំងឺនេះ។

៤. បាយអង្ករសម្រូប

ជាតិសសៃក្នុងបាយអង្ករសម្រូបជួយពន្យឺតនិងគ្រប់គ្រងការបញ្ចេញជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតជាតិម៉ាញ៉េស្យូមខ្ពស់នៃបាយអង្ករសម្រូបក៏ជួយគ្រប់គ្រងជាតិស្ករក្នុងឈាមដោយធ្វើឱ្យភាពធន់នឹងអាំងស៊ុយលីនកាន់តែប្រសើរឡើងផងដែរ។

៥. បន្លែប្រភេទ cruciferous

រួមមានផ្កាខាត់ណាខៀវ ផ្កាខាត់ណា ស្ពៃក្ដោប និងពន្លកផ្កាស្ពៃជាដើមក្រៅពីមានផ្ទុកសមាសធាតុ sulfur ឬ glucosinolates ខ្ពស់ដែលអាចទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺមហារីក កាត់បន្ថយហានិភ័យនៃជំងឺបេះដូងហើយនោះ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន A វីតាមីន C និងប៉ូតាស្យូមដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។

៦. ផ្នែកពណ៌សនៃស៊ុត

ផ្នែកពណ៌សនៃស៊ុតជាជម្រើសនៃអាហារដ៏ប្រសើរសម្រាប់គ្រប់គ្រង ឬទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយវាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគ្មានខ្លាញ់គុណភាពខ្ពស់និងកាបូអ៊ីដ្រាតទាប។

៧. តែបៃតង

តែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ catechins,  polysaccharides និង epigallocatechin gallete ដែលជួយបញ្ចុះ ក៏ដូចជាគ្រប់គ្រងការស្រូបយកនូវជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ ដូច្នេះហើយទើបការទទួលទានតែបៃតងជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ បានដល់ទៅ ៤២ភាគរយ។

៨. ផ្លែប៉ោម

មា​នផ្ទុកជាតិស្ករទាបដែលមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរលើកម្រិតនៃជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ប៉ោមក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ, វីតាមីន C រួមទាំងសារធាតុ polyphenols ដែលជួយពន្យឺតការរំលាយ និងស្រូបយកជាតិស្ករផងដែរ។ ដូច្នេះកម្រិតនៃជាតិស្ករក្នុងឈាមមិនអាចឡើងខ្ពស់គួរឱ្យព្រួយបារម្ភឡើយ។ កុំចិតសំបកប៉ោមចេញ គ្រាន់តែលាងឱ្យស្អាតទៅបានហើយ ក៏ព្រោះសំបកជាផ្នែកដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗច្រើន​បំផុត។

៩. ផ្លែស្រកានាគ

ជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម។

១. ក្រូច

មានផ្ទុកសម្បូរទៅដោយសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង