​ពោះវៀន​ធំ គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​រាងកាយ​។ វា​ដើរតួនាទី​រួមគ្នា ជាមួយនឹង​ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​ភាពស៊ាំ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែរ​។ យ៉ាងណាក៏ដោយ បើសិនជា​ពោះវៀនធំ​មិន​ធ្វើការ​ទេនោះ វា​នឹង​បង្ហាញ​ជា​សញ្ញា នៃ​ការកើនឡើង​ជាតិពុល​ក្នុង​ខ្លួន​ហើយ​។ មុខងារ​ពោះវៀនធំ ដែល​ធ្វើការ​មិន​បាន​ល្អ មានន័យ​ថា​វា​មិន​អាច​បញ្ចេញ​កាក​សំណល់​ពី​ក្នុង​ពោះវៀន​បាន​ត្រឹមត្រូវ​ឡើយ​។ ជា​លទ្ធផល ជាតិ​ពុល​នោះ​នឹង​ត្រូវ​បឺត​ស្រូប​ចូលទៅក្នុង​ចរន្តឈាម​វិញ​។

​ចំពោះ​រោគសញ្ញា​ភាគច្រើន ដែល​គិតថា​មាន​ជាតិពុល ក្នុង​ពោះវៀនធំ​ច្រើន​នោះ គឺ​ការ​ទល់លាមក​តែម្តង​។ ករណី​បែប​នេះ​កើតឡើង នៅពេល​ដែល​កាកសំណល់ ត្រូវ​បាន​បញ្ចេញ​ចោល​យឺត​ជាង​ធម្មតា ដូច្នេះហើយ ទើប​ធ្វើឲ្យ​ចលនា​ពោះវៀន មាន​ការឈឺចាប់​ដែរ​។ ក្រៅពី​នេះ​សញ្ញា​ដែល​បញ្ជាក់ថា ពោះវៀន​មាន​ជាតិពុល​ច្រើន​ទៀត​នោះ មានដូចជា ៖

  • ​ឈឺ​សាច់ដុំ និង​សន្លាក់​
  • ​ទល់​លាមក រាក​រូស ផោម​ច្រើន ហើម​ពោះ ឈឺ​ក្នុង​ពោះ​
  • ​ថប់​អារម្មណ៍ វង្វេងវង្វាន់ អស់កម្លាំង បាក់​ទឹកចិត្ត អារម្មណ៍​មួរ​មៅ និង​ខ្សោយ​ការចងចាំ​
  • ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ឧស្សាហ៍​មាន​ការបង្ក​រោគ​នៅ​ទ្វារមាស និង​ប្លោកនោម អា​លែ​ក​ស៊ី​ស្បែក​៕