ឧស្សាហ៍ភ្ញាក់ដឹងខ្លួនកណ្ដាលយប់មិនដឹងដោះស្រាយបែបណា? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖

១. បន្ថយកម្រិតនៃភាពស្ត្រេស

ការគេងមិនលក់និងថប់បារម្ភជាញឹកញយច្រើនតែបណ្ដាលមកពីអ្នកស្ត្រេសខ្លាំងពេក។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍របស់ខ្លួន។

២. ទទួលទានតែផ្កា chamomile មួយពែង

អ្នកអាចបន្ថយកម្រិតនៃភាពស្ត្រេស ហើយឆាប់គេងលក់បានស្កប់តាមរយៈការទទួលទានតែផ្កា chamomile មួយពែង។ ភេសជ្ជៈនេះអាចជួយផ្ដល់ភាពធូរស្រាលដល់ចិត្តនិងរាងកាយ។

៣. ហាត់យូហ្កា ឬសមាធិ

ការហាត់យូហ្កានិងធ្វើសមាធិជាវិធីដ៏ប្រសើរបំផុតដើម្បីបន្ថយកម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ដែលជួយឱ្យអ្នកគេងលក់បានស្កប់។

៤. បន្ថយការលេងទូរសព្ទនិងប្រើប្រាស់បណ្ដាញសង្គម

មូលហេតុចម្បងដែលធ្វើឱ្យមនុស្សជាច្រើនសព្វថ្ងៃនេះមានអារម្មណ៍ស្ត្រេសនោះ គឺការចំណាយពេលច្រើនលេងបណ្ដាញសង្គមតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ ម្យ៉ាងវិញទៀតពន្លឺដែលជះចេញពីទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀតអាចជះផលប៉ះពាល់និងការរំខាន់ដល់ដំណេកគួរឱ្យព្រួយបារម្ភ។

៥. ចៀសវាងទទួលទានអាហារច្រើនពេកមុនចូលគេង

ការទទួលទានអាហារច្រើនមុនពេលចូលគេងអាចបង្កើនហានិភ័យនៃបញ្ហាច្រាលទឹកអាស៊ីតក្រពះដែលបណ្ដាលឱ្យអ្នកពិបាកក្នុងការគេងលក់បានស្កប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរចៀសវាងទទួលទានអាហារច្រើនពី ២ ទៅ ៣ ម៉ោងមុនចូលគេង។

៦. កម្រិតការទទួលទានទឹក

ការទទួលទានទឹកច្រើននៅពេលយប់អាចបង្កការរំខានគួរឱ្យកត់សម្គាល់ដល់ដំណេករបស់អ្នកដោយសារចេះតែឈឺនោម។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតការទទួលទានទឹកមុនពេលចូលគេង។ នោមញឹកពេលយប់ក៏អាចជារោគសញ្ញានៃបញ្ហាសុខភាពផ្សេងទៀតផងដែរ។ ប្រសិនបើអ្នកយល់ថាមិនប្រក្រតីចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕