ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែប្រយ័ត្នក្នុងការញ៉ាំស៊ុប។ តើមានអ្វីខ្លះទៅ?

  1. ជាធម្មតា ពេលដែលអ្នកដាក់បន្លែ និងសាច់ចូលទៅក្នុងទឹកស៊ុបរួច ហើយពុះ អ្នកនឹងនាំគ្នាពិសារបន្លែ និងសាច់ទាំងនោះ ដោយទុកទឹកស៊ុបនៅចុងក្រោយទើបពិសារ ព្រោះមានជាតិ។ ប៉ុន្តែអ្នកមានដឹងទេថា ទឹកស៊ុបចុងក្រោយនោះ នឹងមានលក្ខណៈប្រៃជាងទឹកស៊ុបដំបូង។ ដូចនេះ ស្ត្រីមានផ្ទៃពោះ ជាពិសេសមានអាការៈលើសសម្ពាធឈាម មិនអាចបរិភោគបានឡើយ ព្រោះក្រោយពេលដែលអ្នកញ៉ាំប្រៃខ្លាំង នឹងធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនផងដែរ។
  2. អ្នកម្តាយពេលដែលញ៉ាំស៊ុប មិនអាចពិសារស៊ុបដែលហិរខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក ថែមទាំងធ្វើឲ្យកូនក្នុងផ្ទៃនៅមិនសុខនោះទេ ដោយក្រហល់ក្រហាយពេញពោះ។
  3. នៅពេលដែលអ្នកម្តាយបរិភោគស៊ុប សាច់ និងបន្លែក្នុងនោះគួរតែរំងាស់ដល់ឆ្អិន ទើបអ្នកអាចពិសារបាន ព្រោះបើអ្នកញ៉ាំដោយឆ្អិនតែពាក់កណ្តាល នឹងធ្វើឲ្យមេរោគអាចចូលក្នុងរាងកាយអ្នកបានយ៉ាងងាយជាទីបំផុត។ ជាហេតុដែលធ្វើឲ្យកូនក្នុងផ្ទៃកើតមានគ្រោះថ្នាក់ខ្លាំងណាស់។
  4. ប្រសិនជាអ្នកម្តាយមានផ្ទៃពោះទៅញ៉ាំស៊ុប មិនគួរបរិភោគគ្រឿងក្នុងសត្វឡើយ ព្រោះមិនល្អចំពោះសុខភាពអ្នក និងកូននោះទេ។ ដូចនេះ អ្នកមិនគួរប្រថុយនឹងគ្រោះថ្នាក់ ហើយពិសារឡើយ។
  5. មុនពេលដែលអ្នកចាប់ផ្តើមពិសារស៊ុប អ្នកម្តាយគួរតែញ៉ាំទឹកផ្លែឈើបន្តិចជាមុនសិន  ដើម្បីជំនួយដល់ការរំលាយអាហារ។ ប៉ុន្តែចំពោះអ្នកម្តាយដែលមានជំងឺទឹកនោមផ្អែមមិនគួរញ៉ាំទឹកផ្លែឈើឡើយ ព្រោះក្នុងនោះមានផ្ទុកជាតិស្ករខ្ពស់ ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក និងកូនបាន៕