កំពុងជួបប្រទះបញ្ហារលាកអញ្ចាញធ្មេញមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការទប់ទល់បញ្ហារលាកអញ្ចាញធ្មេញ ៖

១. ខ្ពុរមាត់ជាមួយទឹកអំបិល

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចកូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះនៅពេលព្រឹកនិងល្ងាច។

២. ទឹកក្រូចឆ្មារស្រស់

ច្របាច់យកទឹកក្រូចឆ្មារ ១ ផ្លែ លាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះភ្លាមៗក្រោយពេលដុសសម្អាតធ្មេញរួចនៅពេលព្រឹកនិងយប់។

៣. ជីអង្កាម

លាងស្លឹកជីអង្កាមប៉ុន្មានស្លឹក រួចបុកកំទេច ហើយបង់ចូលក្នុងទឹកធម្មតា ១ កែវ។ ត្រាំទុកប៉ុន្មាននាទីសិន សឹមប្រើប្រាស់ទឹកល្បាយនេះខ្ពុរសម្អាតមាត់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។

៤. ស្លឹកត្របែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងស្លឹកត្របែកមួយចំនួនឱ្យស្អាត រួចទំពារវាក្នុងមាត់សម្រាប់រយៈពេលប៉ុន្មានវិនាទី។ ខ្ជាក់ចេញជាការស្រេច។ អនុវត្តឱ្យបាន ២ ដងក្នុងមួយថ្ងៃ។

៥. ប្រើប្រាស់កញ្ចប់តែតូចៗ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែមួយកញ្ចប់តូចក្នុងទឹកក្ដៅដាំពុះ។ រងចាំរយៈពេល ២ នាទីក្រោយសឹមយកកញ្ចប់តែចេញហើយទុកអោយត្រជាក់។ បន្ទាប់មកស្អំកញ្ចប់តែនោះលើអញ្ចាញសម្រាប់រយៈពេល ៥ នាទីជាការស្រេច។

៦. ម្សៅ Baking soda

លាយម្សៅ Baking soda ១ ចុងស្លាបព្រាកាហ្វេជាមួយទឹកធម្មតាប៉ុន្មានដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើអញ្ចាញនិងទុកចោលសម្រាប់រយៈពេល ២ នាទីសិន សឹមខ្ពុរមាត់សម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៧. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅរមៀតជាមួយទឹកធម្មតាឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបលើអញ្ចាញ។ ទុកចោលសម្រាប់រយៈពេលប្រហែល ១០ នាទីសិន សឹមខ្ពុរមាត់សម្អាតចេញជាមួយទឹកធម្មតា។

៨. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើលើអញ្ចាញដែលមានបញ្ហានិងទុកចោលសម្រាប់រយៈពេល ១០ នាទីសិន សឹមខ្ពុរសម្អាតមាត់ចេញជាមួយទឹកធម្មតាជាការស្រេច។

៩. ទឹកឃ្មុំ

លាងសម្អាតមាត់ជាមួយទឹកក្ដៅឧណ្ហៗ រួចប្រើប្រាស់ទឹកឃ្មុំលាបម៉ាស្សាលើអញ្ចាញសម្រាប់រយៈពេល ១០ នាទីរាល់ព្រឹក។ ប៉ុន្តែត្រូវប្រាកដថាអ្នកលាបទឹកឃ្មុំលើអញ្ចាញមិនមែនធ្មេញ ពិសេសប្រសិនបើអ្នកមានបញ្ហាដង្កូវស៊ីធ្មេញ៕