ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាចេកទុំជោរខ្លាំងអាចផ្ដល់អត្ថប្រយោជន៍ចំពោះសម្រស់បានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ចេកទុំជោរខ្លាំងរក្សាសម្រស់ ៖

១. សម្រាប់គ្រប់គ្រងមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើសមកិនសាច់ចេកឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាឱ្យសព្វលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញ។

២. សម្រាប់កម្ចាត់មុនក្បាលខ្មៅ

អ្វីដែលអ្នកត្រូវ គឺលាយចេកទុំដែលកិនម៉ដ្ឋជាមួយស្ករស រួចលាបម៉ាស្សាវាថ្នមៗលើកន្លែងដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៣. ជួយឱ្យស្បែកស្រស់ថ្លា

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។

៤. សម្រាប់ពន្យារភាពចាស់តាមវ័យនៃស្បែក

អ្វីដែលអ្នកត្រូវធ្វើ គឺកិនចេកទុំជោរ ១ ផ្លែឱ្យម៉ដ្ឋរួចលាយជាមួយយ៉ាអួរបន្តិច សឹមលាបលើស្បែកដែលងាយនឹងលេចឡើងនូវស្នាមជ្រីវជ្រួញ។ ទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។

៥. សម្រាប់ដោះស្រាយបញ្ហាស្បែកឡើងរឹងគ្រើម

អ្វីដែលអ្នកត្រូវធ្វើ គឺលាយចេកទុំជោរដែលកិចម៉ដ្ឋ ១ ផ្លែជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើក្បាលជង្គង់ កែងដៃ ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយដែលស្បែកឡើងរឹងហើយគ្រើមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។

៦. សម្រាប់ជួយឱ្យសក់រឹងមាំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងបន្តិចជាមួយចេកទុំជោរដែលកិនម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើសក់និងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមងូតទឹកកក់សម្អាតសក់ចេញដូចពេលធម្មតា៕